ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបុកម៉ូតូហើយបើករត់ទៅចតនៅបុរីឡាយគង់ ត្រូវសមត្ថកិច្ចតាមទាន់ចាប់បានភ្លាមៗ ទាំងកណ្តាលយប់

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចតាមបណ្តោយផ្លូវមុន្នីរ៉េត (២១៧) កែងនិងហ្ការ៉ាស់សាំងអិលអេចអ៊ែ ស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ មានម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1BS 6056 ត្រូវបានរថយន្តមួយគ្រឿងទៀត បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់នៅនឹងកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចតាមចាប់ជនបង្ករហូតដល់បុរីឡាយគង់ទើបឃាត់ខ្លួនជនបង្កបាន ។

ដែលហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាក GreatWall ពាក់ស្លាកលេខ ភ្នំពេញ 2AH 8544 ពណ៌ខ្មៅ បើកបរពីត្បូងទៅជើងរួចបំរុងបត់ទៅលិច ក៏ប៉ះជាមួយម៉ូតូមួយគ្រឿងទៀតបើកបរពីជើងទៅត្បូង ផ្ទុយទិសគ្នាបណ្តាលឲ្យ ខូចខាតផ្នែកខាងស្តាំនៃរថយន្ត រីឯម៉ូតូខូចខាតផ្នែកខាងមុខខ្លាំង បន្ទាប់មកម្ចាស់រថយន្តព្យាយាមបើកគេចខ្លួន តែត្រូវបានសមត្ថកិច្ចជិះតាមចាប់រថយន្តបាននៅបុរីឡាយគង់ ក្រោយមកម្ចាស់រថយន្តដែលជាជនបង្កបានយល់ព្រមជិះម៉ូតូទៅជាមួយក្រុមគ្រួសារជនរងគ្រោះទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យសួគា៌ដើម្បីជួយដោះស្រាយថ្លៃព្យាបាល ។

បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់