ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម៉េចអ៊ីចឹង! ពុតគ្រូឲ្យត្រាប់ ច្បាប់គ្រូកុំយក

ភ្នំពេញៈ ពាក្យស្លោក ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក បានផ្ទុយទៅជា ពុតគ្រូឲ្យត្រាប់ ច្បាប់គ្រូកុំយក របស់សាលាអន្តរជាតិ ញូវហ្គេតវ៉េ ផ្លូវ១៦៥ កែង ផ្លូវ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សំណង់អគារចំនួន២ ដែលជាកន្លែងបណ្តុះបណ្តាលដល់កូនខ្មែរជាច្រើន រួមទាំងកូនមន្ត្រីរាជការ អង្គការ សមាគមន៍ និងកូនប្រជាជនខ្មែរផ្សេងទៀត ដែលបានយកមកទទួលសេវាថែទាំ និងផ្តល់ចំណេះដឹងគ្រប់មុខវិជ្ជា គ្រប់ជំនាញ ទាំងច្បាប់ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ចម្រុះ តាមសម័យកាលវិជ្ជាសាស្ត្រ និងបច្ចេកវិជ្ជាទំនើប។

ម៉េចបានជាអ៊ីចឹង ពាក្យស្លោកខ្មែរបានពោលថា ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ហើយទៅជាក្មេងៗនិយាយទន្ទេញផ្ទុយ ដែលជាការខុសឆ្គង ខុសទម្លាប់មិនគួរឲ្យនិយាយ ឬអនុវត្តឡើយ គឺដោយសារការបង្ហាញរបស់ម្ចាស់អគារ ដែលសាងសង់ល្អទៅតាមលក្ខណស្តង់ដាបច្ចេកទេស តែខុសបន្តិចបន្តួចត្រង់ សំយ៉ាប របងដែក តូប ឬហាង ការដាក់តាំងម៉ាស៊ីនភ្លើង និងចំណត ដែលរំលោភយកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន មិនចូលរួមអនុវត្ត និងគោរពច្បាប់នានា ដែលទីតាំងជាថ្នាលអប់រំសិស្សានុសិស្ស បានបង្ហាញពីពុតត្បុតទម្លាប់អាក្រក់ដល់ក្មេងៗជំនាន់ក្រោយត្រាប់តាមដូចពាក្យស្លោកសូត្រត្រឡប់អ៊ីចឹង។

ទាក់ទិនទៅនិងបញ្ហាការសាងសង់ខាងលើលោក លឹម សុភា អភិបាលនៃគណអភិបាលខណ្ឌ៧មករា បានឆ្លើយប្រាប់ថា ចាំឲ្យក្រុមការងារចុះត្រួតពិនិត្យ និងបានឲ្យលោកអភិបាលរងម្នាក់ចុះទៅប្រាប់ឲ្យកែហើយ និងពាក្យចុងក្រោយគឺរវល់ហើយដាក់ទូរស័ព្ទចុះ។

ប្រហែលលោកអភិបាលមិនបានទៅចូលរួមនៅសណ្ឋាគារកាំបូឌីយ៉ា កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលមានឧកញ៉ា លី ហួ ជាប្រធានបានរៀបចំពីធីជួបសំណេះសំណាលជាមួយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមលើវិស័យសំណង់ បុរី និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។

ជាចុងក្រោយដោយមានការខ្សឹបប្រាប់ពីប្រជាពលរដ្ឋថាម្ចាស់សំណង់មានខ្សែធំទើបលោកអភិបាលខណ្ឌមិនហ៊ានប៉ះឬក៍ទទួលបានស្ករគ្រាប់ពីម្ចាស់សំណងផងមិនដឹង៕

photo_2016-08-22_08-39-36photo_2016-08-22_08-39-34photo_2016-08-22_08-39-33photo_2016-08-22_08-39-29photo_2016-08-22_08-39-26

មតិយោបល់