ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជើងហោះហើររាប់រយធ្វើការចុះចតបន្ទាន់ មុននឹងព្យុះកំណាចទីហ្វុងមកដល់

ជប៉ុន: ព្យុះកំណាចទីហ្វុង នឹងធ្វើការវាយប្រហារដោយផ្ទាល់ទៅលើទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះហើយ គ្រាដែលជើងហោះហើរប្រមាណ ៤០០ជើង នឹងធ្វើការចុះចតជាបន្ទាន់ មុននឹង​ព្យុះ​នេះ​មកដល់ប្រទេសជប៉ុន ដោយសារតែភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងពេក។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះកំណាចទីហ្វុង Mindulle ត្រូវបានគេរំពឹងទុកថា នឹងបង្កឲ្យ​បាក់ដីនៅពេលថ្ងៃត្រង់នេះ បន្ទាប់មកព្យុះនេះ វានឹងធ្វើដំណើរចេញពីទីក្រុងរបស់ប្រទេសជប៉ុន ទៅកាន់​ភាគ​ខាងជើងនៅតំបន់ Tohoku។

ភ្នាក់ងារដដែលនេះ បាននិយាយថា ព្យុះកំណាចនេះមានសន្ទុះរហូតដល់ទៅ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះនេះ នឹងធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿន ២៥គីឡូម៉ែត្រក្នុងមួយម៉ោង ចាប់ពីកោះ Miyake នៅពេលព្រឹកព្រលឹម។ មិនមានរបាយការណ៍ពីការខូចខាតឬមនុស្សស្លាប់នៅឡើយទេ នៅលើ​កោះ Miyake អ្នកស្រុករស់នៅទីនោះប្រហែល ២.៦០០នាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកនេសាទ ទេសចរណ៍និងកសិករផងដែរ។

ទូរទស្សន៍ជាតិ NHK បាននិយាយថា ព្យុះកំណាចនេះ បណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍នៅ​ទូទាំង​ប្រទេស លុបជើងហោះហើរសរុបចំនួន ៣៨៧ជើង ហើយភាគច្រើនមកពីព្រលានយន្តហោះ Haneda នៅទីក្រុងតូក្យូ។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបាននិយាយថា ខ្លួនបានលុបចោលហោះហើរក្នុងស្រុក ១៤៥ជើង ពាក់​កណ្តាល​​ថ្ងៃរសៀលនេះ ដែលបង្កឱ្យប៉ះពាល់ដល់អតិថិជន ២៦.៩១០នាក់ ខណៈពេលដែលក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរក្នុងស្រុក ៩៦ជើង ដែលប៉ះពាល់​ដល់អ្នកដំណើរ ២១.៣០០នាក់។

សូមជម្រាបថា បើយោងតាមក្រុមហ៊ុនផ្លូវដែកជប៉ុន East Japan Railway ដែលជាប្រតិបត្តិករផ្លូវដែក​ធំជាងគេបំផុតនៅក្នុងតំបន់នោះ បានឲ្យដឹងថា សេវារថភ្លើងដ៏សំខាន់នៅទីក្រុងតូក្យូនិងជុំវិញតំបន់នោះ ប្រតិបត្តិការជាធម្មតា ក្នុងអំឡុងពេលព្រឹកម៉ោងធ្វើដំណើរ រួមទាំងរថភ្លើងល្បឿនលឿន៕

Japan typhoon Airline

មតិយោបល់