ភ្នំពេញ: យោងតាមការប្រកាសរបស់ក្រុមគ្រួសារសព គឺសពរបស់លោក គង្គ ប៊ុនឈឿន ដែលបានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី១៧ មេសានោះ នឹងត្រូវបូជានៅថ្ងៃនេះហើយនៅក្នុងប្រទេសន័រវេស។ ពិធីនេះក៏ត្រូវធ្វើឡើងស្របគ្នា នឹងនៅប្រទេសកម្ពុជា មានការរៀបចំពិធីបុណ្យ៧ថ្ងៃ ឧទ្ទិសកុសលឲ្យលោក ដល់ទៅ២កន្លែងផ្សេងគ្នាផងដែរ។
លោក មុត ថារី ជាកូនប្រសារបស់លោក គង្គ ប៊ុនឈឿន បានអះអាងថា សពរបស់លោកគង្គ ប៊ុនឈឿន ទើបនឹងត្រូវមន្ទីរពេទ្យសម្រេចឲ្យយកចេញពីមន្ទីរពេទ្យ ហើយយកទៅតម្កល់នៅក្នុងវត្តមួយនៅក្នុងប្រទេសន័រវេសនៅថ្ងៃទី២៣ មេសានេះប៉ុណ្ណោះ ដើម្បីកំណត់បូជានៅវេលាម៉ោងជិត៣រសៀល ម៉ោងនៅក្នុងប្រទេសន័រវេស ត្រូវនឹងម៉ោង៨យប់ នៅក្នុងប្រទេសកម្ពុជា។
លោកថាគោលការណ៍នៅក្នុងប្រទេសន័រវេស គេមិនអនុញ្ញាតិឲ្យយកសពចេញពីពេទ្យហើយ ទៅតម្កល់ធ្វើបុណ្យនៅតាមផ្ទះដូចនៅកម្ពុជានោះទេ ដោយគេកំណត់ឲ្យតម្កល់នៅក្នុងមន្ទីរពេទ្យរហូតដល់ថ្ងៃបូជា ហើយគេនឹងជួយដឹកទៅកាន់កន្លែងបូជា ដើម្បីកុំឲ្យការប៉ះពាល់ដល់បរិដ្ឋាន។
យ៉ាងណាមិញ លោកថាទីតាំងដែលពេទ្យគេឲ្យតម្កល់សពនោះ គឺ កូនចៅគឺអាចរៀបចំជាកន្លែងអុជធូប និងធ្វើពិធីខ្លះៗសម្រាប់បុណ្យសពដូចគ្នាតាមជំនឿរបស់ខ្មែរបាន លើកលែងតែការធ្វើរោង ហើយមានរៀបតុទទួលភ្ញៀវប៉ុណ្ណោះ។
លោកនិយាយថា «សពគាត់គេអត់ឲ្យយកមកធ្វើបុណ្យនៅផ្ទះមែន តែកូនចៅចេញចូលគោរពសពគាត់ អុជធូប និងសែនម្ហូបអាហារអីដូចយើងនៅខ្មែរអញ្ចឹង និយាយរួមទើបតែព្រឹកថ្ងៃទី២៣ មេសានេះប៉ុណ្ណោះ ដែលពេទ្យគេឲ្យយកគាត់ចេញបាន ដោយគេជួយយកទៅតម្កល់នៅវត្តខ្មែរមួយដើម្បីបូជានៅម៉ោង៣រសៀលនេះ នៅន័រវេស!»។
លោកថាក្រោយការបូជា ធាតុរបស់លោក នឹងត្រូវបញ្ជូនមកស្រុកនៅមុនពិធីបុណ្យ១០០ថ្ងៃ ប៉ុន្តែមិនច្បាស់ពីកាលបរិច្ឆេទឡើយ។
ដោយឡែកនៅព្រឹកថ្ងៃទី២៣ មេសានេះ គេឃើញមានការធ្វើបុណ្យ៧ថ្ងៃឲ្យលោក គង្គ ប៊ុនឈឿន ចំនួន២កន្លែងផ្សេងគ្នានៅក្នុងប្រទេសកម្ពុជា ដោយមួយកន្លែងស្ថិតនៅ វត្តត្រពាំងកិនក្នុងខេត្តកំពង់ស្ពឺ ទីដែលមានអាស្រមតម្កល់ធាតុរបស់លោក ដែលរៀបចំដោយក្រុមគ្រួសាររបស់លោក គង្គ ប៊ុនឈឿន និងមួយកន្លែងទៀតរៀបចំនៅ វត្តសត្ថារាម ហៅវត្តកណ្ដាល នៅខេត្តបាត់ដំបង ដែលរៀបចំដោយតារាសិល្បៈ មន្ត្រីអាជ្ញាធរ និងអ្នកគោរពស្រឡាញ់លោក គង្គ ប៊ុនឈឿន។
លោកមុត ថារី និយាយថា ក្រុមគ្រួសាររបស់លោកមានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថានៅក្នុងខេត្តបាត់ដំបង ក៏មានប្រារព្ធពិធីបុណ្យ៧ថ្ងៃ ឲ្យឪពុកក្មេក តែពួកលោកមិនអាចបញ្ជូនសមាជិកណាម្នាក់ទៅចូលរួមបានទេ ដោយសារតែនៅខេត្តកំពង់ស្ពឺក៏មានការធ្វើបុណ្យធំដុំ៕
មតិយោបល់