បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យបានអះអាងថា ទោះបីជាការបង្ក្រាបបទល្មើសគ្រឿងញៀន មានសកម្មភាពពុះកញ្ជ្រោលយ៉ាងណាក៏ដោយ តែបទល្មើសគ្រឿងញៀននៅតែបន្តកើតមាន លោកនៅតែបន្តចាត់វិធានការក្តៅលើការបង្ក្រាបនេះដដែល។
ជាមួយនិងការលើកឡើងខាងលើលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានក្រើនរំលឹកដល់បណ្តានគរបាលគ្រប់ស្រុកក្រុង ធ្វើយ៉ាងណាបន្តយុទ្ធនាការ បង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យខានតែបាន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ព្រោះការបង្ក្រាបបទល្មើសគ្រឿងញៀន អាចកាត់បន្ថយបទល្មើសជាច្រើនដូចជា ចោរលួច ឆក់ ប្លន់ជាដើម ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាអធិការនគរបាលក្រុងប៉ោយប៉ែតថ្មី កាលពីថ្ងៃទី១១ មិថុនា ២០១៦ កន្លងទៅនេះ។
ក្នុងពិធីនេះដែរលោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានរាយការណ៍ពីសន្តិសុខសណ្តាបធ្នាប់ទាក់ទៅ នឹងការបង្ក្រាបបទល្មើសធំ ៗ ដូចជាការប្លន់ប្រដាប់អាវុធ និងបទល្មើសគ្រឿងញៀន។
លោកបានបន្តថា អគារអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សង់លើផ្ទៃដីទំហំ៨៨០ម៉ែត្រការ៉េ អគារចាស់មានការទ្រុឌទ្រោម ទឹកលិចក្នុងបរិវេណ ដោយមានផ្ដួចផ្ដើមពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត អធិការ-អធិការរង និងមន្ត្រីនគរបាលក៏បានចូលរួមផ្តល់ថវិកា និងមានការចូលរួមពីសប្បុរសជន អាជីវករក្នុងក្រុងប៉ោយប៉ែត ដោយគិតទាំងការចាក់ដី និងការសាងសង់អគារថ្មីដែលទំហំ១៦ម៉ែត្រX២២ ម៉ែត្រ កម្ពស់២ជាន់ មាន១៤បន្ទប់ បានធ្វើការសាងសង់ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ និងត្រូវចំណាយថវិកាអស់១៥១.៦៧៥ដុល្លារអាមេរិក នៅជំពាក់សម្ភារៈសំណង់ ចំនួន៥.៣០០ដុល្លារ និងគ្រោង សាងសង់បន្ទប់ប្រជុំមានទំហំ៨ម៉ែត្រ X៩ម៉ែត្រ និងបន្ទប់ទឹក៤ម៉ែត្រ X៥ម៉ែត្រផងដែរ។
គួររំលឹកថា បទល្មើសគ្រឿងញៀនគឺជាបញ្ហាមួយដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ជាពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលលោកកំពុង តែចាត់វិធានការទៅដល់មូលដ្ឋាន ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀននេះ៕
មតិយោបល់