ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្លូវថ្នល់ជាង២ពាន់គីឡូ និងស្ពានជិត៧គីឡូ កម្ពុជា បានជំនួយកម្ចីពីចិន

ភ្នំពេញៈ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណង ដល់កម្ពុជា ដើម្បីសាងសង់ផ្លូវថ្នល់ប្រវែងជាង ២.០០០គីឡូម៉ែត្រ និងស្ពានប្រវែងសរុបជិត៧គីឡូម៉ែត្រ។

ការផ្តល់នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូកម្ពុជាមួយក្រុម ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Yang Chuantang រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងដឹកជញ្ជូនក្នុងប្រទេសចិន។

យោងតាមផេកហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងនៅយប់ថ្ងៃពុធ ទី២៤ ខែសីហានេះថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រជាបន្តដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

អំឡុងពេលទស្សនកិច្ចការងារនៅប្រទេសចិននេះ លោក ស៊ុន ចាន់ថុល បានផ្លាស់ប្តូរទស្សនៈ ទៅវិញទៅមក ជាមួយលោក Yang Chuantang ស្តីអំពីបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ភ័ស្តុភារដឹកជញ្ជូន ផែនការមេ និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។ ជាមួយគ្នានេះដែរ លោកបានសម្តែងនូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយវិថីមួយ និងវិថីសូត្រសមុទ្រ ដែលបានបង្កើតឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន។ លោកក៏បាន បញ្ជាក់ថា កម្ពុជាជាសមាជិកស្ថាបនិកដើមមួយ ក្នុងចំណោមសមាជិកស្ថាបនិកនានា នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជំរុញគាំទ្រដោយសាធារណរដ្ឋ ប្រជាមានិតចិន។ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍ ពីគំនិតផ្ដួចផ្ដើមទាំងនេះសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោក ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រ ពីសមភាគីទាក់ទងនឹងការកសាងសមត្ថភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ រដ្ឋមន្រ្តីលោក Yang បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជា លើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើង ដល់ការអភិវឌ្ឍធនធានមនុស្ស។ លោកក៏បានស្នើឱ្យក្រសួងទាំងពីរ ធ្វើការរៀបចំ និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ លើកម្មវិធីកសាងសមត្ថភាព។ លោក Yang ក៏បានយល់ព្រមជាមួយនឹងសំណើ របស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងការបង្កើតគណៈកម្មការរួមមួយ ឬក្រុមការងារដែលសមាសភាពចូលរួម ពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន(MOT) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្របន្ថែមទៀត លើគ្រប់វិស័យដែលទាក់ទង ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានអញ្ជើញលោក Yang និងគណៈប្រតិភូពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងក្រសួងទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ បន្ថែមទៀតផងដែរ៕

13892042_563525443831800_5175851646148381964_n14034788_563525857165092_5604543906101009024_n14039970_563525887165089_3774115223300383040_n14054095_563525483831796_830598967240696619_n14063811_563525797165098_6841166215501713901_n14063998_563525673831777_1823475312151368598_n14064202_563525607165117_2149478829187781781_n14068249_563525773831767_639323642523788914_n14100360_563525960498415_7052880271050842826_n14102139_563525807165097_8722045328062005769_n14117717_563525093831835_3159597792316108292_n14117839_563525087165169_4428897605976730914_n

មតិយោបល់