ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ហេង វិទូ លែងត្រូវការជម្រកក្នុងផលិតកម្ម

ភ្នំពេញ: បន្ថែមពីលើប្រតិកម្ម ចំពោះយុវវ័យមួយក្រុមដែលយកបទចម្រៀងក្រោមចំណងជើងថា «ទីនេះមានមនុស្សខូចចិត្ត» របស់លោកយកទៅដាក់ឈុតឆាកសម្ដែង ដកស្រង់ចេញពីបទចម្រៀងថៃ តារាចម្រៀងលោកហេង វិទូ បានអះអាងថាក្នុងពេលខាងមុខលោកក៏លែងចូលជ្រកនៅក្នុងផលិតបន្តទៀតផងដែរ។

លោកថាខ្លួននឿយណាយហើយ ក្នុងអាជីពជាអ្នកចម្រៀងកុងត្រា និងថាខ្លួនត្រូវសេរីភាព ដើម្បីនិពន្ធបទចម្រៀងផ្ទាល់ខ្លួនទុកជាស្នាដៃជាងជាងទើបមិនត្រូវការចូលជ្រកក្នុងផលិតកម្មណាមួយ។

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Post News លោកអះអាងថា រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៧ឯណោះ ទើបលោក នឹងដាច់កុងត្រាជាមួយផលិតកម្មសាន់ដេ។

ប៉ុន្តែប្រមាណជាង ២ឆ្នាំមកហើយ ដែលលោកមិនមានបទចម្រៀងជាមួយផលិតកម្មសាន់ដេ ដោយសារតែលោកមិនព្រមទទួលបទថ្មីមកច្រៀង និងចង់ផលិតបទថ្មីដើម្បីដាក់បង្ហោះទុកធ្វើជាស្នាដៃវិញ។

លោកនិយាយថា «ខ្ញុំរាល់ថ្ងៃនៅជាប់កុងត្រា ជាមួយសាន់ដេនៅឡើយទេ ប៉ុន្តែបទដែលគាត់ទុកឲ្យខ្ញុំ ខ្ញុំប្រាប់គាត់ថាទុកឲ្យអ្នកផ្សេងច្រៀងទៅ ព្រោះខ្ញុំលែងចង់បន្តច្រៀងបទចម្លង និងចង់ទុកពេលមកនិពន្ធបទចម្រៀងថ្មីជាមួយក្រុមការងាររបស់ខ្ញុំ ដូចដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃហ្នឹងផង!»។

លោកថាក្រោយច្រៀងបទថ្មី ដែលមិនមែនជាបទចម្លងពីបរទេស លោកហាក់មើលឃើញយ៉ាងច្បាស់ពីតម្លៃ និងមុខមាត់ ទើបលោកប្រកាន់ជំហរឈប់ចូលជ្រកផលិតកម្ម បើទោះជាផលិតកម្មនោះធានាថា នឹងនិពន្ធបទថ្មីឲ្យខ្ញុំច្រៀងរហូតក៏ដោយ។

លោកថាមកទល់ពេលនេះ លោកបានផលិតបទថ្មីបានចំនួន៦បទហើយដាក់បង្ហោះនៅលើ Youtube ដោយ៥បទ ជាបទដែលលោកបកស្រាយដោយផ្ទាល់ និងមួយបទជាបទដែលលោកនិពន្ធឲ្យកញ្ញា អេដា ច្រៀង ដែលលោកបញ្ជាក់ថា មានគេយកបទនោះទៅដាក់ជាឈុតសម្ដែងពីបទចម្រៀងថៃ ដែលនាំឲ្យការយល់ច្រឡំថាបទរបស់លោកចម្លងពីគេនោះ។

លោកនិយាយថា «ប៉ុន្មានថ្ងៃហ្នឹងខ្ញុំភ្ញាក់ផ្អើល ដែលបទ«ទីនេះមានមនុស្សខូចចិត្ត» ស្រាប់តែគេយករូបភាពពីបទចម្រៀងថៃមកដាក់ ព្រោះបទហ្នឹងខ្ញុំអត់ទាន់ថត MV ទេ បើគាត់យកឈុតក្នុងបទចម្រៀងខ្មែរដាក់ខ្ញុំអត់ថាទេ ប៉ុន្តែគាត់យកសាច់រឿងក្នុងបទចម្រៀងថៃមកដាក់ទើបខ្ញុំអត់សប្បាយចិត្ត ហើយអ្វីដែលខ្ញុំបារម្ភនោះគឺសាច់រឿងពីបទចម្រៀងថៃដែលគាត់យកមកដាក់ហាក់ស៊ីនឹងអត្ថន័យបទហ្នឹងទៀត!»។

យ៉ាងណាក៏ដោយ លោកថាមិនមានគម្រោងប្ដឹងផ្ដល់នោះទេគឺគ្រាន់តែចង់ប្រតិកម្មឲ្យដឹងច្បាស់ថាបទនោះជាបទនិពន្ធថ្មីទាំងសាច់ភ្លេង និងទំនុកច្រៀង និងប្រកាសចេញថតឈុតឆាកសាច់រឿងឲ្យបានលឿនបំផុត ដើម្បីកុំឲ្យមានការកាត់តធ្វើឲ្យភាន់ច្រលំបែបនេះ។

លោកថានឹងខំធ្វើបទចម្រៀងថ្មីៗឲ្យមានកេរ្តិ៍ឈ្មោះ ហើយបើទោះជាខាងផលិតកម្មណាមួយផ្ដល់លក្ខណ្ឌល្អឲ្យលោកយ៉ាងណាក៏ដោយ ក៏លោកសម្រេចឈប់ច្រៀងនៅក្នុងផលិតកម្មបន្ទាប់ពីចប់កុងត្រាជាមួយសាន់ដេនោះដែរ៕

photo_2016-04-24_07-07-59 photo_2016-04-24_07-08-09 photo_2016-04-24_07-08-24 photo_2016-04-24_07-08-32 photo_2016-04-24_07-08-39

មតិយោបល់