ភ្នំពេញ: ថ្លែងក្នុងសន្និសិទនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅឯសណ្ឋាគារសាន់វ៉េ កញ្ញា ធី សុវណ្ណថា “ការប្តឹង កឹម សុខា ទាមទារជំងឺចិត្ត ១លានដុល្លារ ព្រោះតែនាងការពារកិត្តិយស”។
នាងបានបញ្ជាក់ថា នៅក្រោយពីរបាយការណ៍របស់នាយកដ្ឋាប្រឆាំងភារកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ បញ្ជាក់ថា ខ្សែអាត់ឆ្លើយឆ្លងស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាការពិត និងមានចម្លើយរបស់ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ សារភាពចំពោះមុខតំណាងអយ្យការកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ថាសម្លេងនោះជាការពិត ហើយនាងពិតជាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រាកដមែន។
កញ្ញា ធី សុវណ្ណថា បញ្ជាក់ថា បើនាងមិនប្តឹងមានន័យថា នាទទួលស្គាល់ថា លោក កឹម សុខា ចិញ្ចឹមនាងទិញឡានឱ្យនាង និងមានឧកញ៉ា ចិញ្ចឹមមែន។ នាងថាឡាន Lexus 570 2016 ជារបស់ឪពុកម្តាយនាង មិនមែនរបស់នាងជាអ្នករកស៊ី ហើយឡានរបស់គ្រួសារនាងគឺមានច្រើនគ្រឿងណាស់ ប្តូរគ្នាជិះបាន។
កញ្ញា ធី សុវណ្ណថា ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានដែលថា នាងមានផ្ទៃពោះទេ នាងតបវិញថា ” បងមើលឱ្យច្បាស់ទៅបង បងមើលមិញ ថាទម្ងន់ ពាក់ព័ន្ធនឹងសំនួរនេះ បើសួរនៅក្រៅគឺបងត្រូវគេវៃបែកមាត់ហើយ សំនួរនេះបងចង់សួរបងទៅសួរនៅក្រៅចុះ សំនួរនេះអត់សីលធម៌មែនទែន”
កញ្ញា ធី សុវណ្ណថា អះអាងថា ការទាមទារសំណងជំងឺចិត្ត ១លានដុល្លារ ពីលោក កឹម សុខា នោះវាតិចណាស់ តិចគឺត្រង់ថា លោក កឹម សុខា មានណាស់ មានឡាន វីឡាច្រើន ហើយលុយ១លាននេះ នាងមិនមែនយកមកចាយទេ នាងយកមកជួយជនក្រីក្រ និងកុមារកំព្រាតែប៉ុណ្ណោះ។
ចំពោះរឿងគណៈបក្ស នាងនៅតែបន្តគាំទ្រគណៈបក្សសង្គ្រោះជាតិដដែល ពីព្រោះបណ្តឹងនេះជា បណ្តឹងប្រឆាំងបុគ្គលលោក កឹម សុខា មិនមែនបក្សសង្គ្រោះជាតិទេ។
ទោះជាយ៉ាងណានាងថា នឹងឈប់គាំទ្រគណៈបក្សមួយនេះប្រសិនបើនាងរកឃើញថាមន្ត្រី ឬថ្នាក់ដឹកនាំនៃគណៈបក្ស ចូលរួមជួយបិទបាំងការពិតនៃរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងស្រីមុំ។
កញ្ញា ធី សុវណ្ណថា និយាយថា គណបក្សសង្គ្រោះជាតិគួរតែជ្រើសរើសបេក្ខភាពជំនួសតំណែង លោក កឹម សុខា ទៅដើម្បីរក្សាការគាំទ្រពីមហាជនដែលធ្លាប់គាំទ្រគណបក្សមួយនេះ ពីព្រោះនាងយល់ថា ទង្វើលោក កឹម សុខា វាអសីលធម៌ ដែលនាំឲ្យយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិស្ត្រី ផ្លូវច្បាប់ វប្បធម៌ប្រពៃណីសាសនា និងជាគំរូអាក្រក់ ដល់យុវជន និង ប្រជាពលរដ្ឋកម្ពុជា។
កញ្ញា ក៏បានអំពាវនាវដល់អង្គការមួយចំនួនឱ្យបញ្ឈប់ការការពារ និងបិទបាំងរឿងអាស្រូវលោក កឹម សុខា តទៅទៀត។
គួរបញ្ជាក់ថា រឿងរ៉ាវដ៏ចម្រូងចម្រាស កើតចេញពីខ្សែអាត់ឆ្លើយឆ្លងស្នេហារវាងលោក កឹម សុខា ប្រធានស្តីទីគណៈបក្សសង្គ្រោះជាតិ និងកញ្ញា ខុម ចាន់តារ៉ាទី ន៉ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះ ជាច្រើនភាគ៕
មតិយោបល់