ភ្នំពេញៈ កម្លាំងសមត្ថកិច្ចជាច្រើន កំពុងដាក់ឲ្យឃ្លាំមើលនៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមសេចក្ដីរាយការណ៍ឲ្យដឹងនៅមុននេះបន្តិច ខណៈដែលគេដឹងថា ជនដៃដល់ដែលជាតួអង្គប្រុស ក្នុងរឿងចាក់សម្លាប់នារីគូស្នេហ៍នៅផ្សារឧត្ដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកមិញ នៅមានជីវិតនៅឡើយ ហើយត្រូវបានបញ្ជូនមកសង្គ្រោះ។
អធិការនគរបាលស្រុកឧត្តុង្គ លោក ខឹម សាម៉ុន ប្រាប់ Post News មុននេះបន្តិចថា កម្លាំងនគរបាលជាច្រើនត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការឃ្លាំមើលជនដៃដល់ ដែលចាក់សម្លាប់នារីគូស្នេហ៍ រួចចាក់សម្លាប់ខ្លួនឯង ហើយត្រូវបានគេបញ្ជូនមកសង្គ្រោះអាយុជីវិត។ លោកថា នៅខណៈពេលនេះ ជនដៃដល់នៅមានជីវិតនៅឡើយ ហើយក្រុមគ្រូពេទ្យជំនាញកំពុងធ្វើការសង្គ្រោះជីវិតផងដែរ។
បើតាមលោកអធិការ ករណីឃាតកម្មចាក់សម្លាប់នារីវ័យក្មេងម្នាក់ កាលពីព្រឹកមិញ គឺផ្ដើមឡើងដោយភ្លើងស្នេហ៍ឆាបឆួលដែលកើតឡើងជាយូរមកហើយ ខណៈដែលតួអង្គប្រុសសុំស្នេហ៍ រួចត្រៀមចូលស្ដីដណ្ដឹង ប៉ុន្តែបែរជាតួអង្គស្រីមិនព្រម ក៏ឈានដល់ការចាក់ប្រហារជីវិតតួអង្គស្រី រួចចាក់ប្រហារខ្លួនឯង(តួអង្គប្រុស) បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧៖៤០នាទី ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ នៅក្នុងផ្សារឧត្តុង្គ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
លោក ស៊ុម សារិទ្ធ ប្រធានស្នាក់ការសន្តិសុខ៥៥១ ឲ្យដឹងថា ករណីឃាតកម្មចាក់សម្លាប់គ្នានេះ ដំបូងឡើយបុរសឈ្មោះ ស៊ឹម ម៉ូត អាយុ៣៥ឆ្នាំ មុខរបរជាជាងតោន មានទីលំនៅភូមិតានាល ឃុំព្រះស្រែ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ បានលួចស្រឡាញ់លើតួអង្គស្រីឈ្មោះ ង៉ែត ចន្ធូ អាយុ២៤ឆ្នាំ មុខរបរជាជាងកាត់ដេរ មានទីលំនៅភូមិឃ្លាំង ឃុំវាំងចាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
លោកបញ្ជាក់ដំណើររឿងនេះថា នៅពេលដឹងថា តួអង្គស្រីមិនព្រមស្រឡាញ់ ហើយខូចចិត្តខ្លាំងនោះ តួអង្គប្រុសក៏កើតគំនិតគុំកួន រហូតឈានដល់ការយកកាំបិតទៅចាក់តួអង្គស្រី នៅក្នុងផ្សារឧត្ដុង្គ បណ្ដាលឲ្យនាងដេកដួលក្នុងថ្លុកឈាម ហើយនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់តែម្ដង។ នៅបន្ទាប់ពីចាក់សម្លាប់តួអង្គស្រីហើយ តួអង្គប្រុសក៏បានចាក់ខ្លួនឯងជាច្រើនកាំបិត បណ្ដាលឲ្យដេកដួលក្នុងថ្លុកឈាមរបួសធ្ងន់ រួចត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
រឿងផ្ដើមដោយក្ដីស្រឡាញ់ ដែលខាងស្រីបដិសេធស្នេហ៍នេះ ត្រូវបានប្រជាអាជីវករនៅក្បែរតូបកើតហេតុក្នុងផ្សារឧត្តុង្គ លើកឡើងថា តួអង្គស្រីមានស្នេហា(សង្សារផ្សេង) ទើបបដិសេធស្នេហ៍ស្មោះរបស់តួអង្គប្រុស ហើយបង្កើតបានជាការគុំកួនដោយគំនិត បើខ្លួនមិនបាននាង អ្នកណាក៏គ្មានសិទ្ធិដែរ៕
https://youtu.be/XG0zNxg8Jgk
មតិយោបល់