ព័ត៌មានជាតិ

Update: រថយន្តដឹកសាំងផ្ទុះឆេះ ចុងក្រោយស្លាប់ម្នាក់ ដឹកសពពីព្រះវិហារ ទៅកំពង់ចាម

ព្រះវិហារៈ ទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះអាយុជីវិតយ៉ាងណា ក៏ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្ត នាវេលាម៉ោងប្រមាណ២៖៣០នាទីរសៀល ហើយក្រុមគ្រួសារនាំយកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តកំពង់ចាម ដោយដឹកជញ្ជូនតាមរយៈរថយន្តសង្គ្រោះបន្ទាន់របស់ពេទ្យខេត្ត ដោយមិនគិតថ្លៃ។

អភិបាលខេត្តកព្រះវិហារ លោក អ៊ុន ចាន់ដា ដែលដឹកនាំមន្ត្រីរបស់ខ្លួនទៅចុះសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យខេត្ត បានប្រាប់ Post News ថា បុរសម្នាក់ ដែលជាម្ចាស់ម៉ូតូហៅឈ្មោះថា តាម៉ាប់ មានមុខរបរលក់នំបុ័ង បានស្លាប់បាត់បង់ជីវិតនៅរសៀលថ្ងៃនេះ បន្ទាប់ពីក្រុមគ្រូពេទ្យខិតខំព្យាយាមអស់ពីកម្លាំងកាយចិត្តយ៉ាងណាក៏ដោយ។ លោកថា សពត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្ត យកទៅខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់ជនរងគ្រោះ ដោយមិនគិតថ្លៃអ្វីទាំងអស់។

គួរជម្រាបថា នាវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចឃុំរដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានរថយន្តដឹកប៊ីដុងសាំងមួយគ្រឿង បានផ្ទុះឆេះ បន្ទាប់ពីបុកម៉ូតូរួច បណ្ដាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ ហើយក៏ត្រូវបានគេដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះវិហារ។

ទោះជាយ៉ាងណា ករណីនេះ អ្នកបើករថយន្ត មិនត្រូវបានឃាត់ខ្លួននោះឡើយ បន្ទាប់ពីផ្ទុះឆេះរថយន្ត ហើយរត់បាត់ស្រមោល ប៉ុន្តែអ្វីដែលខាតបង់នោះ គឺរថយន្តដឹកប្រេងមួយគ្រឿង និងផ្លូវសាធារណៈរបស់រដ្ឋ៕

612345

មតិយោបល់