ភ្នំពេញៈ ក្រុមមន្ត្រីបម្រើការងារនៅរដ្ឋបាលសាលាខណ្ឌសែនសុខ ជាច្រើន បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឧ្យដឹងថា សាលាខណ្ឌសែនសុខ ដែលមានលោក ប៉ឹល កុសល ជាអភិបាលនៃគណៈអភិបាលខណ្ឌ កំពុងតែល្បីល្បាញថា ជាខណ្ឌគ្រួសារនិយម ដោយយកសាច់ញាតិដែលមិនមែនជាមន្ត្រីរាជការនៅទីនោះ ឲ្យទៅកាន់មុខតំណែងសំខាន់ៗ ក្តោបក្តាប់ប្រភពចំណូលសេដ្ឋកិច្ចគ្រប់ច្រកល្ហក។
ក្រុមមន្ត្រីទាំងនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា លោក ប៉ឹល កុសល ចាប់តាំងពីឡើងមកធ្វើជាចៅហ្វាយខណ្ឌសែនសុខ ជំនួសលោក លី សាវេត មកនោះ លោក ប៉ឹល កុសល ពុំបានទុកចិត្តមន្ត្រីជំនាញៗ នៅថ្នាក់ក្រោមរបស់មេចាស់នោះទេ។ អ៊ីចឹងហើយ ទើបគាត់បានកៀរគរក្រុមគ្រួសារសាច់ញាតិជាច្រើននាក់ ដែលគេដឹងថា មិនមែនជាមន្ត្រីរាជការនោះ ឲ្យមកកាន់តំណែងសំខាន់ៗ ហើយធីបមន្ត្រីមុនៗ ដែលមានជំនាញ មានបទពិសោធន៍ ឲ្យទៅអង្គុយអានកាសែតនៅកៀនជញ្ជាំងទៅវិញ។
ក្រុមមន្ត្រីទាំងនោះ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា សាច់ញាតិដែលអភិបាលខណ្ឌសែនសុខ លោក ប៉ឹល កុសល យកមកនោះ មានដូចជាប្អូនបង្កើតឈ្មោះ ប៉ឹល តារា ដែលឲ្យទទួលនាទីអ្នកគ្រប់លើផ្នែកសំណង់។ ក្មួយគាត់ម្នាក់ ឲ្យកាន់តំណែងជានាយករដ្ឋបាល និងសាច់ញាតិម្នាក់ទៀត ជាប្រធានសណ្តាប់ធ្នាប់។ ម្នាក់ទៀត ជាក្មួយខាងប្រពន្ធ ឲ្យកាន់តំណែងជាជំនួយការរបស់គាត់។ ក្រៅពីនេះ មានសាច់ញាតិច្រើននាក់ទៀត ដែលគេដឹងថា មានរហូតដល់ទៅជិត១០នាក់ឯណ្ណោះ ឲ្យមកធ្វើជាអ្នករកប្រភពចំណូលសេដ្ឋកិច្ចឲ្យខ្លួន តាមរយៈការដើរប្រមូលលុយពីអាជីវករ ពីទីតាំងសិប្បកម្មផ្សេងៗ និងពីការរត់ឯកសារផ្សេងៗ ពិសេសឯកសារពាក់ព័ន្ធសំណង់។
ក្រុមមន្ត្រីខាងលើ នៅបានខ្សឹបប្រាប់នាយក្រាមប្រៃយើងឲ្យដឹងទៀតថា លោកចៅហ្វាយខណ្ឌសែនសុខ រូបនេះ គាត់បានទុកការិយាល័យច្រកចេញចូលតែមួយ ឲ្យទទួលតែការងារចំណូលកំប៉ិចកំប៉ុកតែប៉ុណ្ណោះ។ ចំណែកចំណូលធំៗ ត្រូវបានក្រុមសាច់ញាតិចៅហ្វាយខណ្ឌរូបនេះ ជាអ្នករ៉ាប់រងទាំងអស់ ធ្វើឲ្យចំណូលមួយផ្នែកធំ ត្រូវធ្លាក់ចូលហោប៉ៅលោក ប៉ឹល កុសល និងសាច់ញាតិខ្លួន។
ប្រភពមន្ត្រីខាងលើ បានខ្សឹបឲ្យដឹងទៀតថា កាលពីជំនាន់លោក លី សាវេត ធ្វើជាចៅហ្វាយខណ្ឌនោះ គាត់ទុកឲ្យមន្ត្រីថ្នាក់ក្រោមមានការងារធ្វើគ្រប់គ្នា ដោយពុំមានកៀរគរសាច់ញាតិមកកាន់ការអ្វីនោះទេ។ មកសម័យលោក ប៉ឹល កុសល ឯណេះវិញ យកបង យកប្អូន យកក្មួយ មកធ្វើការជំនួសមន្ត្រីចាស់ពេញសាលាខណ្ឌតែម្តង ធ្វើឲ្យមន្ត្រីទីនោះ ធ្វើការរិះគន់យ៉ាងខ្លាំង។ ប៉ុន្តែទោះបីមានការរិះគន់យ៉ាងណា ក៏លោកចៅហ្វាយខណ្ឌសែនសុខ ប៉ឹល កុសល ធ្វើមិនដឹងមិនឮ សំខាន់ គឺសាច់ញាតិគាត់ជាអ្នកប្រមូលសេដ្ឋកិច្ចឲ្យខ្លួន។
ក្រុមមន្ត្រីទាំងនោះ បានខ្សឹបប្រាប់ថា ចៅហ្វាយខណ្ឌសែនសុខ លោក ប៉ឹល កុសល រូបនេះ រួមនឹងសាច់ញាតិគាត់ដែលកាន់កាប់មុខតំណែងខ្លាញ់ៗនោះ តែងតែយកឈ្មោះលោកចៅហ្វាយក្រុង ប៉ា សុជាតិវង្ស ទៅសម្លុតគំរាមកំហែងគេឯង ដើម្បីឲ្យគេខ្លាច ហើយបង់លុយឲ្យខ្លួនបានច្រើន។
ប្រភពបានខ្សឹបទៀតថា មន្ត្រីរាជការទាំងនៅក្នុងសាលាខណ្ឌសែនសុខ និងទាំងនៅតាមបណ្តាសង្កាត់ទូទាំងខណ្ឌសែនសុខ មិនពេញចិត្តចំពោះការដឹកនាំ តាមបែបគ្រួសារនិយមរបស់លោក ប៉ឹល កុសល នេះទេ ព្រោះរាល់ថ្ងៃនេះ ប្អូនប្រុសគាត់ឈ្មោះ ប៉ឹល តារា និងក្មួយខាងប្រពន្ធ តែងតែប្រើអំណាចគំរាមកំហែងមន្ត្រីថ្នាក់ក្រោម ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនពេញចិត្តនឹងការដឹកនាំរបស់ចៅហ្វាយខណ្ឌសែនសុខ លោក ប៉ឹល កុសល នេះទេ ដោយសារតែគាត់ធ្វើការងារមិនទទួលខុសត្រូវ និងបានត្រឹមតែធ្វើការសន្យាចោល ដោយពុំបានដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានោះទេ។
ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់លោក ប៉ឹល កុសល ចៅហ្វាយខណ្ឌសែនសុខ ដែលត្រូវមន្ត្រីថ្នាក់ក្រោមខ្សឹបមកប្រាប់នាយក្តាមប្រៃនេះ នាយកក្តាមប្រៃយើងគ្រាន់តែខ្សឹបបន្តឲ្យឮៗ ដើម្បីឲ្យថ្នាក់លើបានជ្រាបតែប៉ុណ្ណោះ៕
មតិយោបល់