ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញៀនម្នាក់ជាក់ស្តែង ដកហូតបានសារធាតុញៀនចំនួន០៨កញ្ចប់ កំពុងឈរលក់នៅម្តុំស្រែលាភ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបន្តនាំខ្លួនជនសង្ស័យមកឆែកឆេរនៅផ្ទះរកឃើញថ្នាំញៀនចំនួន២៩កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតតាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាព្រំប្រទល់ជាប់គ្នា។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមសហការពីលោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ គង់ វណ្ណ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រួមជាមួយគ្រឿងញៀន៨កញ្ចប់តូច។ ទី២.ឈ្មោះ បូ វាសនា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងកក់ តាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រកឃើញគ្រឿងញៀនចំនួន២កញ្ចប់តូចនៅលើផ្ទះ និងរកឃើញគ្រឿងញៀនចំនួន២៧កញ្ចប់តូចនៅខាងក្រោយផ្ទះជនសង្ស័យ។
មន្ត្រីអាវុធហត្ថម្នាក់បានប្រាប់ឲ្យដឹងថា កម្លាំងល្បាតរបស់ខណ្ឌទួលគោក បានចេញល្បាតតាមមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យឈរចែកចាយនៅម្តុំផ្ទះសំណាក់ស្រែលាភ បានចាប់ឃាត់ខ្លួនជាក់ស្តែងរួមមានគ្រឿងញៀនចំនួន៨កញ្ចប់តូចនៅជាប់ខ្លួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងក៏បាននាំខ្លួនមកឆែកឆេរនៅផ្ទះស្នាក់បន្តទៀតបានរកឃើញថ្នាំញៀនចំនួន២៩កញ្ចប់តូចទៀត និងឃាត់ខ្លួនមនុស្សម្នាក់ទៀត។
ក្នុងប្រតិបត្តិការឆែកឆេរនេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនមនុស្សចំនួន២នាក់ និងគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន៣៧កញ្ចប់តូច ហើយដកហូតម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ២០១៤ សង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CM-7840 និង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FZ-1037 ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
https://youtu.be/tLXly7EROj8
មតិយោបល់