ភ្នំពេញ :នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមប្រជាពលរដ្ឋប្រមាណជា ២០០គ្រួសារជាង បាននាំគ្នាតវ៉ា និងក្រុមហ៊ុន OCIC នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្នុងការតវ៉ាខាងលើនេះដែរ ក្រុមប្រជាពលរដ្ឋបាននាំគ្នាលើកបដា ដែលមានរូបថតសមេ្តចតេជោ ហ៊ុន សែន នឹងរូបថតសមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុត រ៉ានី ហ៊ុន សែន ដើម្បីឲ្យសមេ្តចទាំងពីរជួយអន្តរាគមន៍ផងដែរ។
ក្នុងនោះរួមមានសហគមន៍ទាំង ៦រួមមាន៖ ទី១ ឈ្មោះ ជា សុផាត ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ ៧៦គ្រួសារ នៅភូមិដើមគរខាងត្បូង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី២ ឈ្មោះ រិទ្ធ ឌីណា ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ ២១៨គ្រួសារ នៅភូមិគៀនឃ្លាំង (ទំនប់ខ្មែរលើ) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, ទី៣ ឈ្មោះ ប៉ូល អម្រិតកិត្យា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ ១៨គ្រួសារ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ, ទី៤ ឈ្មោះ ម៉ៅ វណ្ណតិច ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ ២០គ្រួសារ នៅភូមិគៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី៥ ឈ្មោះ ឃឹម ភុន ភេទ ប្រុស អាយុ ៥២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ ១២គ្រួសារ នៅភូមិស្វាយជួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, ទី៦ ឈ្មោះ រស់ សឿង ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ ១៣គ្រួសារ នៅភូមិដើមគរខាងជើង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា ក្នុងការតវ៉ាខាងលើនេះដែរ គឺចង់ឲ្យក្រុមហ៊ុន OCIC ចុះអនុវត្តតាមអនុសាសន៍សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្រុមហ៊ុនជួយពន្លឿនការដោះស្រាយឲ្យបានឆាប់ដល់ពួកគាត់ទាំងអស់គ្នា ។
ប្រជាពលរដ្ឋរងគ្រោះក្នុងសហគមន៍ខាងលើនេះ មានចំនួនប្រមាណជា ២០០គ្រួសារជាង និងមានដីប៉ះពាល់សរុបរួមមាន ១.៤៦៥.២១៣,៤២ម៉ែត្រការ៉េ ដែលជាដីលំនៅដ្ឋានរបស់ភូមិចាស់ ដីចំការ នឹងដីស្រែ ដែលបានបន្សុលទុកតាំងពីដូនតាយូរណាស់មកហើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់បានចូលមករស់នៅទីនេះយូរមកហើយ ដោយមានការដឹងឮ នឹងទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធដោយបានផ្តល់លិខិតគតិយុតិ្តផ្សេងៗ ដូចជា៖ វិញ្ញាប័ណ្ណប័ត្របញ្ជាក់អចលនវត្ថុ មានប្លង់រឹង បង្កាន់ដៃទទួលពាក្យ លិខិតផ្ទេរសិទ្ធិ ចេញដោយអាជ្ញាធរខណ្ឌ និងសង្កាត់ លិខិតបង់ពន្ធអចលនវត្ថុ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ លិខិតបោះឆ្នោត សំបុត្រកំណើត ប័ណ្ណគណៈបក្ស។ល។
ក្រោយពីក្រុមហ៊ុនខាងលើ បានទទួលសិទ្ធិអភិវឌ្ឍន៍លើដីទំទាស់របស់ប្រជាពលរដ្ឋទាំង ៣៨៧ហិតារួចមកក្រុមហ៊ុននេះ បានចាប់ផ្តើមបូមភក់ខ្សាច់ដាក់លើដីលំនៅដ្ឋាន ដីស្រែ នឹងដីចំការ ដែលបណ្តាលឲ្យលុបបាត់ផ្ទះ បង្គោលព្រំ ខូចដំណាំបន្លែផ្សេងៗដូចជា៖ ដូង ខ្នុរ ស្វាយ ល្ហុង ស្រូវ ពោត សណ្តែក ស្ពៃ ត្រកួន ជី ស្លឹកគ្រៃ។ល។
ក្រោយពីប្រជាពលរដ្ឋ និងសហគមន៍បានធ្វើការតវ៉ាចំពោះការបូមខ្សាច់ដែលនាំឲ្យខូចខាតទ្រព្យសម្បតិ្ត បាត់បង់ចំណូលប្រចាំថ្ងៃ និងការប្រឈមផ្សេងៗជាច្រើនរួចមក ក្រុមហ៊ុនបានផ្តល់ដំណោះស្រាយដូចជា៖ ទី១ ផ្ទះមួយល្វែងទំហំ ៤ម×១៤ម និងថែមតូបផ្សារចំនួនមួយដែលមានទីតាំងស្ថិតនៅបរិវេនក្រុមហ៊ុន, ទី២ ទិញក្នុងតម្លៃដើមវិញឬថ្លៃ ១៥ដុល្លា ក្នុងមួយម៉ែត្រការ៉េ, ទី៣ ផ្តល់ដី ១០% ក្នុងចំណោមដីទាំងអស់មកម្ចាស់ដើមវិញ រឺឯដីដែលនៅសល់ ៩០% ត្រូវបានក្រុមហ៊ុន OCIC និងសាលាក្រុងភ្នំពេញជាអ្នកគ្រប់គ្រង និងកាន់កាប់ ដោយសារតែដំណោះស្រាយខាងលើរបស់ក្រុមហ៊ុន OCIC ប្រជាពលរដ្ឋរងគ្រោះមិនអាចទទួលយកបានទេ។
ក្រោយពីក្រុមហ៊ុនបានធ្វើសកម្មភាព បូមភក់ខ្សាច់មកលើដីលំនៅដ្ឋាន ដីស្រែ នឹងដីចំការ របស់ប្រជាពលរដ្ឋរងគ្រោះខាងលើរួចមក សហគមន៍បានធ្វើការតវ៉ា និងបានដាក់ញាតិ្ត ថែមទាំងចូលរួមក្នុងកិច្ចប្រជុំជាច្រើនលើកជាមួយក្រុមហ៊ុន OCIC សាលារាជធានីភ្នំពេញ និងសាលាខណ្ឌជ្រោយចង្វារ នៅតែមិនមានដំណោះស្រាយសមរម្យដែលអាចទទួលយកបានទេ ។
ចំពោះដីស្រែ នឹងដីចំការ ដែលលក់ក្នុងតម្លៃ ៤០០ដុល្លា ក្នុងមួយម៉ែត្រការ៉េ ឬផ្តល់ដីចំនួនពាក់កណ្តាល ៥០% នៃដីទាំងអស់ជូនទៅសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ដើម្បីចូលរួមអភិវឌ្ឍន៍ទីក្រុងរណបថ្មី រីឯដីពាក់កណ្តាលដែលនៅសល់ ៥០%ទៀត សំរាប់ម្ចាស់ដីយកទៅអភិវឌ្ឍន៍ដោយខ្លួនឯង។
ប្រជាពលរដ្ឋបបានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុត រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំង ២០០គ្រួសារជាងដោយក្តីអនុគ្រោះផង ៕
មតិយោបល់