ព្រៃវែងៈ ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធម័ បន្ទាប់ក្មេងស្រីរងគ្រោះបានដើរទៅជាន់ចំខ្សែភ្លើងម៉ូទ័រប៉ូមទឹក បណ្តាលឲ្យឆក់ក្មេងស្រីរងគ្រោះ រហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិតាំងស្វាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ភណ្ឌ័ អាយុ១០ឆ្នាំ ស្នាក់នៅជាមួយលោកតា ឈ្មោះ ភៅ និងលោកយាយឈ្មោះ យឿន ក្នុងភូមិកើតហេតុខាងលើ ចំណែកឪពុកម្តាយទៅធ្វើការបាត់អស់ ដោយទុកកូនស្រីឲ្យនៅជាមួយនឹងលោកតា លោកយាយ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ លោកតារបស់ក្មេងស្រីរងគ្រោះបានរាយខ្សែភ្លើងដាក់ម៉ូទ័រ ដើម្បីបូមទឹកដាក់ពាង ខណៈពេលនោះស្រាប់តែក្មេងស្រីរងគ្រោះ បានដើរមកជាន់និងប៉ះចំខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យឆក់ក្មេងស្រីរងគ្រោះតែម្តង ។ ភ្លាមៗបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាយកក្មេងស្រីរងគ្រោះមកកប់ដីខ្សាច់ និងធ្វើចលនាសង្គ្រោះបឋម ប៉ុន្តែជាអកុលស ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕
មតិយោបល់