ភ្នំពេញ: ផ្លូវលេខ២៦៤ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាផ្លូវចាក់សំរាមចាស់ ត្រូវបានប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ ធ្វើការតវ៉ាជាមួយម្ចាស់របង ដែលបានសាងសង់បិតផ្លូវ និងបិតប្រព័ន្ធបង្ហូរទឹកលូ បណ្តាលឲ្យហៀរចេញមកលិចផ្លូវ បង្កការប៉ះពាល់សុខភាព និងរងការរិះគន់ ពីប្រជាពលរដ្ឋ ព្រោះពិបាកធ្វើដំណើរ និងត្អូញត្អែថានេះខែប្រាំងផង ទឹកប្រើប្រាស់មិនមានប្រព័ន្ធលូបង្ហូរ ធ្វើឲ្យលិចផ្លូវទៅហើយ ចុះទំរាំដល់រដូវវស្សា លិចលង់ប៉ុណ្ណាទៅ។
យោងតាមសំដីប្រជាពលរដ្ឋបានប្រាប់ថា របងដែលសាងសង់ និងចាក់ដីបិតផ្លូវប្រព័ន្ធលូខាងលើនេះ ទើបធ្វើហបានជាង១ខែទេ និងមានការជំទាស់ផ្តិតស្នាមមេដៃសំណើរសុំ ការអន្តរាគមន៍ពីអាជ្ញាធរ ភូមិសង្កាត់ តែហាក់ដូចមិនចំណាត់ការអ្វីបន្តិចសោះឡើយ (ម្ចាស់របងនោះមានឈ្មោះហៅថា តាឡាយ)។
ចំពោះបញ្ហានេះប្រជាពលរដ្ឋ និងក្មេងៗបានដើរកាត់ទឹកស្អុយបង្កជំងឺផ្សេងៗ និងក្លិនស្អុយឡើងធុញ ក៏សំណូមពរដល់ លោក អភិបាលខណ្ឌអភិបាលរាជធានីភ្នំពេញ ជួយដោះស្រាយការប្រើប្រាស់ផ្លូវលិចទឹក និងមិនអាចប្រើប្រាស់បន្ទប់ទឹក ដែលជាភាពចាំបាច់របស់មនុស្សយើងប្រចាំថ្ងៃផងដែរ។
ដោយឡែក ប្អូនកុមារកុមារីដែលរស់នៅទីនោះមានភាពសប្បាយរីករាយក្នុងការដើរកាត់ទឹកស្អុយហើយ បាននិយាយថាដូចជាមជ្ឈមណ្ឌលលេងទឹកទៅហើយ ដោយមិនបានទៅលេងទឹកនៅកន្លែងកំសាន្តធំនោះ។
ប្រជាពលរដ្ឋបន្តថា មេភូមិបានទទួលសំណើរ និងបានប្រាប់ថាគាត់បានរាយការណ៍ជូនលោកចៅសង្កាត់ រួចរាល់ហើយ និងរងចាំទទួលដំណឹងពីថ្នាក់ខណ្ឌដើម្បីដោះស្រាយពីបញ្ហានេះ៕
មតិយោបល់