ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាវាកងទ័ពជើងទឹករុស្ស៊ីចូលចតកំពង់ផែអន្តរជាតិ

ព្រះសីហនុ:នាវាកងទ័ពជើងទឹករុស្ស៊ីចំនួន០៣គ្រឿង ប្រចាំតំបន់ ប៉ាស៊ីហ្វិក បានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ គោលបំណង ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

ការចូលចតរបស់នាវាកងទ័ពជើងទឹករុស្ស៊ី នាពេលនេះ គែដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ល្អរវាងកងទ័ព ជើងទឹករុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក ជាមួយកងទ័ពជើងទឹកកម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក យុទ្ធសាស្ត្រយោធា និងបច្ចេកទេសនាវាចម្បាំងលើលំហសមុទ្រ។

ការចូលចតរបស់នាវាកងទ័ពជើងទឹក រុស្ស៊ីនៅកំពង់ផែអន្តរជាតិខេត្តព្រះ សីហនុ មានការទទួលស្វាគមន៍ពីនាយ នាយរង និងពលទាហានកងទ័ព ជើងទឹក មូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការងកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម។

នាវាទី១ មានឈ្មោះ Admiral Vinogradov ជាប្រភេទនាវាប្រឆាំងនឹងនាវាមុជទឹក មានបណ្តោយ១៦២.៨ម៉ែត្រ ទទឹង២០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ ទម្ងន់ផ្ទុក៧.៥៩៥តោន មាននាវឹកសរុប ចំនួន៣៥៩នាក់ ក្នុងនោះមាននាយទាហាន ៣៨នាក់ ពលនាវឹក៣២១នាក់ ដឹកនាំដោយលោកមេបញ្ជាការ វរនាវីឯក Alexander Tananaiko ។

នាវាទី២ មានឈ្មោះ Irkut ជាប្រភេទនាវាផ្ទុកប្រេង មានបណ្តោយ ១៣០ម៉ែត្រ ទទឹង២០ម៉ែត្រ ជម្រៅទឹក៧.២០ម៉ែត្រ ទម្ងន់ផ្ទុក ១១.១៤០តោន មាននាវឹកសរុប៦៣នាក់ ដឹកនាំដោយលោកមេបញ្ជាការវរនាវីឯក Sergey Litvienko។

នាវាទី៣ មានឈ្មោះ Fotiy Krylov ជាប្រភេទនាវាសណ្តោង មានបណ្តោយ ៩៨.២១ម៉ែត្រ ទទឹង ១៩.៤២ម៉ែត្រ ជម្រៅទឹក៧.២០ម៉ែត្រ ទម្ងន់ផ្ទុក ៧.៥៤០តោន មាននាវឹកសរុប៥០នាក់ ដឹកនាំដោយមេបញ្ជាការវរនាវីឯក Alex Sancler Gavrilov។

នាវាកងទ័ពជើងទឹករុស្ស៊ី ទាំង៣គ្រឿងនេះ ដឹកនាំដោយ លោកមេបញ្ជាការវរនាវីឯក Alexander Potapov ។

គណៈប្រតិភូកងទ័ពជើងទឹករុស្ស៊ី មានគម្រោងចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាច្រើនរូបទៀត និងទៅទស្សនាប្រាសាទអង្គរ ខេត្តសៀមរាបផងដែរ ព្រមទាំងមានការលេងកីឡាបាល់ទាត់ ជាលក្ខណៈមិត្តភាពជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេលផងដែរ។

ក្នុងការទទួលស្វាគមន៍ពីនាយ នាយរង និងពលទាហានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ លោកវរនាវីឯក Alexander Potapov ប្រធានគណៈប្រតិភូកងទ័ពជើងទឹករុស្ស៊ី បានថ្លែងអំណរគុណដល់នាយ នាយរង និងពលទាហាន កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ក៏ដូចជា អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍ នូវដំណើរការចូលចតរបស់នាវា កងទ័ពជើងទឹករស្ស៊ីទាំង៣គ្រឿង នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសការចូលចតនៅកំពង់ផែ អន្តរជាតិខេត្តព្រះសីហនុ នាពេលនេះប្រកបដោយជោគជ័យតាមការគ្រោងទុក ហើយការចូលចត នា ពេលនេះ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។ម្យ៉ាងទៀតជាការផ្លាស់ប្តូរ បទពិសោធន៍ពីគ្នារវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

លោកមេបញ្ជាការសង្ឃឹមថា ការចូលចតនាពេលនេះធ្វើឱ្យមានទំនាក់ទំនងកាន់តែល្អប្រ សើរឡើងបន្ថែម ទៀតរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហើយក៏បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នា ទៅវិញទៅមកនូវកិច្ចការ ការពារនៅតាមលម្ហសមុទ្រ និងទប់ស្កាត់នូវបទល្មើសឆ្លងដែននានាឱ្យ កាន់តែមានប្រសិទ្ធភាពថែមទៀត។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១៦នេះ កម្ពុជាទទួលបាននាវាយោធាប្រទេសមួយចំនួនចូលចតធ្វើទស្សនកិច្ច មានដូចជានាវាកងទ័ពជើងទឹកចិនចំនួន០៣គ្រឿង នាវាស្វយ័ការពារជើងទឹកជប៉ុន០៣គ្រឿង នាវាល្បាត បារាំង០១គ្រឿង និងនាវាកងទ័ពជើងទឹករុស្ស៊ីចំនួន៕

photo_2016-04-25_16-11-57 photo_2016-04-25_16-11-59 photo_2016-04-25_16-12-00

មតិយោបល់