ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ACU កោះហៅមនុស្ស ៨នាក់ មកស្តាប់ចម្លើយ ក្រោយឃាត់ខ្លួន មេឃុំស្រក រឿងយកលុយឱ្យ ស្រីមុំ ៥០០ដុល្លារ

ភ្នំពេញ: ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានថ្លែងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះឱ្យដឹងថា ក្រោយពេលស្តាប់ចម្លើយរបស់លោក ស៊ាង ចែត មេឃុំស្រក ពាក់ព័ន្ធនឹងរឿងយកលុយ ៥០០ដុល្លារអាមេរិក ទៅឱ្យម្តាយ ស្រីមុំ នោះរួចមក នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពលោក បានចេញលិខិត កោះហៅមនុស្សចំនួន ៨នាក់ បន្ថែមទៀត ដើម្បីស្តាប់ចម្លើយ ពាក់ព័ន្ធនឹងសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។ លោក ឱម យិនទៀង បញ្ជាក់ថា ឆ្លើយរបស់លោក ស៊ាង ចែត គឺបញ្ជាក់ថា មានមន្ត្រីរបស់គណ:បក្សសង្គ្រោះជាតិ ជាអ្នកយកលុយ ៥០០ដុល្លារអាមេរិក ឱ្យគាត់យកទៅឱ្យម្តាយ ស្រីមុំ ពិតមែន។ ទោះយ៉ាងណា លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនបានបង្ហើបថា អ្នកនោះជាអ្នកណាឡើយ គ្រាន់តែលោកថា អ្នកមានអភ័យឯកសិទ្ធិ លោកមិនទាន់ចង់ចាត់ការនោះទេ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបង្ហើបថា ក្នុងចំណោមមនុស្ស ៨នាក់ ដែលអង្គភាពលោក បានកោះហៅនោះ មានម្នាក់កំពុងព្យាយាមរត់គេចខ្លួន ប៉ុន្តែលោកបានឱ្យសមត្ថកិច្ច តាមដានហើយ។ លោកបន្ថែមថា ជាតិវិធី គឺលើកទី១ ជាការកោះអញ្ជើញមកបំភ្លឺ តែបើមិនព្រមចូលមកទេ លើកទី២ គឺឃាត់ខ្លួនហើយ។

មនុស្ស ៥នាក់ក្នុងចំណោម ៨នាក់ ដែលត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយថា អង្គភាពប្រឆាំងអំពើពុករលួយនោះ គឺជាមន្ត្រីរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានជួយការពារសិទ្ធិកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ក្នុងពេលកន្លងមក។ មន្ត្រីទាំងនោះរួមមាន៖

– ទី១ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក
– ទី២ លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក
– ទី៣ លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក
– ទី៤ លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក
– ទី៥ លោកស្រី ទ្រី ឈូន មេធាវីការពារក្តីស្រីមុំ

គួរបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្រោយពីលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ចេញផ្សាយជាសាធារណ: នូវឈ្មោះមនុស្សមួយចំនួន ដែលពាក់ព័ន្ធនឹងការជួយលាក់បាំង និងជួយសម្របសម្រួល ជាលុយកាក់ រហូតដល់មានអ្នកខ្លះ ជាអ្នកបង្គាប់ឱ្យនាង និយាយមិនពិត ពីណំណើររឿងស្នេហា រវាងនាង និងលោក កឹម សុខា ថែមទៀតផង៕
photo_2016-04-25_17-00-46photo_2016-04-25_17-00-42photo_2016-04-25_16-59-48 photo_2016-04-25_17-00-30 photo_2016-04-25_17-00-38photo_2016-04-25_17-00-17photo_2016-04-25_17-00-03photo_2016-04-25_16-59-45

មតិយោបល់