កំពង់ធំ:តាំងពីព្រឹកព្រលឹម រហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃដដែលនេះ កម្លាំងនៃស្នងការខេត្ត បានខិតខំស្រាវជ្រាវ ក្នុងរឿងឃាតកម្មសម្លាប់ស្ត្រីទម្លាក់ទឹកស្ទឹងសង្កែ នោះបានឈានដល់ការចាប់ខ្លួនជនសង្ស័យបានបន្តបន្ទាប់ចំនួន៣នាក់។
លោកស្នងការខេត្តកំពង់ធំបានប្រាប់ Post News ថាជនសង្ស័យ៣នាក់នោះមានទី១ឈ្មោះហេង ធារា អាយុ១៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ទី២ឈ្មោះ ណន ណេង អាយុ១៩ឆ្នាំ ស្នាក់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក នឹងទី៣ឈ្មោះ សុខ សីហា អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតផ្ងារជើងឡើងលើ ជាមួយនិងអាក្រាធកាយ បង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ សមត្ថកិច្ចទាំងព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ទឹងសែន ខេត្តកំពង់ធំ និងមានសមត្ថកិច្ចជាច្រើននាក់បានចុះទៅស្រងសាកសពយកមកលើគោក ដើម្បីធ្វើកោសល្យវិច្ច័យ។
មុនដំបូងគេសង្ស័យថា សាកសពស្ត្រីខាងលើត្រូវបានជនសង្ស័យចាប់រំលោភរួចសម្លាប់ទម្លាក់ក្នុងស្ទឹងសែន។ ប៉ុន្តែក្រោយមកប៉ុន្មានម៉ោងសមត្ថកិច្ច ឈានដល់ការច្បាមមុខសញ្ញាក្រុមជនដៃដល់ ឃាត់ខ្លួនចំនួន៣នាក់ ដើម្បីយកមកធ្វើការសាកសួរ។
លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈាន ហ៊ុច ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិថ្នល់ ឃុំទួលក្រើលស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាស្ត្រីដែលមានសតិមិនល្អ តែងតែដើរសុំទាន់នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ផ្សារជាដើម។ ដោយឡែកជនសង្ស័យជាឃាតក ដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន៣នាក់កំពុងធ្វើការសាកសួរតាមនីតិវិធី។
លោកអធិការបន្តថា បើទោះជាសង្ស័យករណីនេះជាអំពើឃាតកម្មរំលោភរួចសម្លាប់អូសទម្លាក់ស្ទឹងសែន ក៏ដោយប៉ុន្តែនៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានសារភាពថា ស្ត្រីរងគ្រោះបានផឹកស៊ីស្រវឹង និងស្រែកឡូឡា បង្កឲ្យពួកគេដេកមិនលក់ ទើបក្លាយទៅជាកំហឹង នាំគ្នាយកដុំថ្ម និងដំបងវាយសម្លាប់ ហើយអូសទម្លាក់ទឹកតែម្តង។
លោកអធិការអះអាងថា ជនសង្ស័យសម្លាប់តែមិនបានរំលោភទៅលើស្ត្រីរងគ្រោះខាងលើនេះទេ។ ជនទាំង៣នាក់នេះ ប៉ូលិសបានសាកសួរនិងកសាងសំណុរឿងបញ្ជូនទៅសាលាដំបូង៕
មតិយោបល់