កំពង់ស្ពឺ:ឃាតកដែលបានសម្លាប់កាត់ក្បាល បុរសចំណាស់ម្នាក់ កាលពីថ្ងៃទី២២មេសាកន្លងទៅនេះ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ សហការជាមួយអធិការនគរបាល ស្រុកភ្នំស្រួច បានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក ឈានដល់ឃាត់ខ្លួនស្ត្រីចំនួន ២នាក់នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២១០៦នេះ។
លោកវរៈសេនីយ៍ត្រី សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦នេះថា ករណីឃាត់កម្មវាយសម្លាប់កាត់ក្បាលបុរសម្នាក់កាលពីពេលថ្មីនេះ កំលាំងជំនាញបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យ នឹងឈានដល់ការឃាត់ខ្លួនបាន អ្នកពាក់ព័ន្ធចំនួន ០២នាក់។
លោកបនតថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ក្នុងរឿងអំពើឃាតកម្មយ៉ាងសាហាវឃោរឃៅខាងលើនោះ ទី១-ឈ្មោះអឹម សុន ភេទស្រី អាយុ ៥៨ ឆ្នាំជនដៃដល់ និងទី២-ឈ្មោះម៉ៅ ចាន់នី ភេទស្រី អាយុ ៣៣ឆ្នាំ ជាអ្នកសមគំនិតក្នុងការរៀបចំគម្រោងសម្លាប់ជនរងគ្រោះដោយចោទប្រកាន់រឿងគំនុំចេះអំពើអាបធ្មប់។
លោក សម សាក់ បន្តថា ក្រោយពៅការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពពីទង្វើ របស់ខ្លួនដែលបានប្រព្រឹត្តអំពើមនុស្សឃាតគិតទុកជាមុខវាយសម្លាប់ និងកាត់ក្បាលយកទៅបាត់ រហូតដល់ពេលនេះ សមត្ថកិច្ចកំពុងរុករក និងគាស់ក្បាលសាកសពដែលឃាតកយកកប់ចោលក្នុងព្រៃ ប៉ុន្តែមិនទាន់ប្រទះឃើញនៅឡើយទេ។
សូមរំលឹកថា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦កន្លងមកនេះ សាកសពបុរសម្នាក់ ត្រូវបានឃាតកមិនស្គាល់សម្លាប់ដោយកាត់យកក្បាលបាត់នៅតែដងខ្លួន នៅចំណុចចំការស្វាយរបស់ឈ្មោះ ឡុង ម៉េងស៊ឺ្រ ចំងាយប្រមាណជាង ៥០០ម៉ែត្រ ខាងជើងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាអំពើឃាតកម្ម យ៉ាងសាហាវបំផុតកម្រកើតមានការសម្លាប់កាត់ក យកក្បាលបែបនេះ ហើយករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យ អាចពាក់ព័ន្ធរឿងគំនុំចោទប្រកាន់ជនរងគ្រោះចេះអំពើអាបធ្មប់ ៕
មតិយោបល់