ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតកងការពារនៅ គុកទួលស្លែង ថាអ្នកទោសសំខាន់គឺជាអ្នកដែលធ្វើ ការងារធំៗ នៅក្នុងរបបខ្មែរក្រហម

អតីតកងការពារនៅមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែងបានថ្លែងថាអ្នកទោសសំខាន់គឺជាអ្នកដែលធ្វើការងារធំៗ នៅក្នុងរបបខ្មែរក្រហម និងអ្នកដែលធ្វើការងារនៅមន្ទីរស-២១។

លោកឡាច មាន ជាសាក្សីថ្មីម្នាក់ទៀត ដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្មពាក់ព័ន្ធជាមួយអង្គហេតុមន្ទីរសន្តិសុខស-២១ បានឆ្លើយប្រាប់អង្គជំនុំជម្រះ ថា អ្នកទោសដែលត្រូវបានសួរចម្លើយរួចហើយ ពេលចេញមកវិញមានការស្រែកទ្រហោយំ ថ្ងូរឈឺចាប់ដោយសារតែការធ្វើទារុណកម្ម។

សាក្សីថាចំពោះអ្នកទោស ដែលឃុំនៅក្នុងបន្ទប់មិនត្រូវបានឱ្យងូតទឹកនោះទេ ហើយចំណែក អ្នកទោសដែលជាប់ឃុំក្នុងបន្ទប់ធំរួមគ្នាគឺត្រូវបានគេបាញ់ទឹកទុយោងូតឱ្យតែម្តង ចំណែកពេលសម្រាកវិញ គឺអ្នក
ទោសទាំងអស់ត្រូវបានឱ្យដេកផ្ទាល់នឹងឥដ្ឋ គ្មានកន្ទេលឡើយ។

លោក ឡាច មាន បានថ្លែងថា នៅពេលដែលអ្នកទោស ត្រូវបានបញ្ជូនទៅកាន់បឹងជើងឯង គឺមិនដែលមាននរណាវិលត្រឡប់មកមន្ទីរស-២១ វិញទេ គឺបាត់ខ្លួនតែម្តង។ សាក្សីថ្លែងថាអ្នកទោសនៅមន្ទីរស-២១ មានទាំងស្ត្រី និងបុរសព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ សាក្សីបានថ្លែងថា អ្នកទោសដែលបញ្ចូនមកកាន់គុកទួលស្លែងគ្មានមេធាវីការពារ និងគ្មានសាក្សីមកជាមួយទេ។ លោកថាអ្នកទោស គ្មានវិធីការពារខ្លួនគេនោះទេ។

លោកថាអ្នកយាម គ្មានសិទ្ធិវាយអ្នកទោសទេ។ លោកបានប្រាប់ថាតួនាទីរបស់លោកជាអ្នកយាមអ្នកទោសនៅក្នុងមន្ទីរស-២១ គឺដើម្បី មើលអ្នកទោសចងកង ឬលួចកាច់សោរ។ នេះគឺជាបញ្ជារបស់ថ្នាក់ដឹកនាំរបស់មន្ទីរស-២១ដែលត្រូវការពារកុំឱ្យអ្នក ទោសលួចរត់ ឬធ្វើអត្តឃាដ។ លោកថ្លែងថាឌុចគឺជាមេដឹកនាំធំនៅមន្ទីរស-២១។ តាមការបញ្ជាក់ លោកឡាច មាន ត្រូវបានប្តូរពីតួនាទីពីកងការពារ ទៅចូលក្នុងក្រុមសួរចម្លើយដោយធ្វើជាអ្នកវាយអង្គុលីលេខ និងក្រោយមកបាន
ក្លាយទៅជាអ្នកសួរចម្លើយអ្នកទោស។

សាក្សី ឡាច មានបានថ្លែងថា នៅអំឡុងឆ្នាំ ១៩៧៨ មានការដឹកបញ្ជូនអ្នកទោសទាំងហ្វូងៗចូលមកក្នុង មន្ទីរស-២១ ប៉ុន្តែលោកមិនបានដឹងថាអ្នកទោសនោះត្រូវបានចាប់បញ្ជូនពីភូមិភាគណាខ្លះនោះទេ។

លោកថាថ្នាក់ លើដែលមានឌុចជាមេគុកបានណែនាំថាភូមិភាគបូព៌ាគឺជាភូមិភាគក្បត់ និងត្រូវធ្វើការសួរចម្លើយឱ្យបានត្រឹមត្រូវ។ អ្នកសួរចម្លើយត្រូវបានចែកចេញជាបីក្រុមដែលមួយក្រុមៗមានគ្នាពី៦ទៅ៧ នាក់។ សាក្សីថាក្នុងករណីដែលអ្នក ទោសដែលពិបាកក្នុងការយកចម្លើសារភាព គឺគេយកទៅឃុំដោយឡែក និងត្រូវបញ្ជូនទៅក្រុមមួយទៀតជាអ្នកសួរ ចម្លើយវិញម្តង។ឮ

លោកបានលើកឡើងថាការសួរចម្លើយទៅលើអ្នកទោសគឺដើម្បីស្វែងរកខ្សែបណ្តាញពិតប្រាកដ របស់ខ្មាំងដែលក្បត់អង្គការជាពិសេសគឺខ្សែបណ្តាញរបស់សូវៀត អាមេរិក ឬគិញវៀតណាម។
សាក្សីបានឱ្យដឹងថា ថ្នាក់លើបានប្រាប់ដល់លោកថាអ្នកទោសទាំងឡាយណាដែលត្រូវបានបញ្ជូនមកកាន់គុកទួលស្លែងគឺជាអ្នកក្បត់ ឬជាគិញសម្ងាត់របស់សូវៀត អាមេរិកាំង និងគិញវៀតណាម។

សាក្សី ឡាច មាន បានប្រាប់អង្គជំនុំជម្រះថាអ្នក សួរចម្លើយត្រូវសួរចម្លើយអ្នកទោសរហូតបានចម្លើយសារភាពថាជាអ្នកក្បត់ជាតិ ឬ
គិញសម្ងាត់ដូចអ្វីដែលគេបាន ចោទប្រកាន់។ លោកបានថ្លែងថាគោកនយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជាគឺត្រូវកម្ទេចចោលខ្មាំងទាំងអស់។ លោកថាចំពោះអ្នកទោសដែលមិនឆ្លើយទៅនឹងសំណួរនឹងត្រូវប្រឈមមុខនឹងការធ្វើទារុណកម្ម។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងថាលោក ឡាច មាន ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីនៅក្នុងអង្គហេតុមន្ទីរសន្តិសុខស-២១ ក្នុងនោះរួមមានលោក ជុំ មី ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី សាក្សី ញ៉ែម អេន អតីតអ្នកថតរូបនៅមន្ទីរស-២១ លោក តយ តេង និងលោក ឡាច មាន។ អង្គជំនុំជម្រះនឹងបន្តស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី ឡាច មាននៅ ថ្ងៃទី២៦ ខែមេសា បន្តទៀត៕

photo_2016-04-25_21-47-41 photo_2016-04-25_21-47-44

មតិយោបល់