ភ្នំពេញៈ បុរសម្នាក់ ដែលគេដឹងថា ជាមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃបានស្លាប់ ក្រោយពីបញ្ជូនទៅវះកាត់យកគ្រោះក្នុងប្រម៉ាត់នៅមន្ទីរពេទ្យពហុព្យាបាលសំពៅមាស ដោយសារក្រុមគ្រូពេទ្យវះកាត់ខុសបច្ចេកទេស បណ្ដាលឲ្យហូរឈាមខ្លាំងពេក ទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលជនរងគ្រោះបានស្លាប់តែម្ដង។
បើតាមប្រភពពីមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភឿន ភឿក ជាមន្រ្តីនគរបាលពាក់ស័ក្តិ២ នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ មានជំងឺគ្រោះក្នុងប្រម៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពហុព្យាបាលសំពៅមាស ស្ថិតនៅអគារលេខ៤៩ ផ្លូវលេខ១៦១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា (ជាប់វត្តសំពៅមាស) ហើយបានស្លាប់ ក្រោយពេលវះកាត់យកគ្រោះចេញពីក្នុងប្រម៉ាត់នៅពហុព្យាបាលសំពៅមាស ហើយហូរឈាមខ្លាំងពេក ទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតស្លាប់តែម្ដងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។ ក្រោយមកសពរបស់លោក ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិព្រែកត្បេះ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គួររំឭកថា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ មាននារីរងគ្រោះម្នាក់ឈ្មោះ ខុម រ៉ា អាយុ១៨ឆ្នាំ ជាបុគ្គលិកគ្លីនិកខាងលើផ្នែកអនាម័យស្នាក់នៅអគាររបស់គ្លីនិកសម្ភពព្យាបាលសំពៅមាស មានស្រុកកំណើតនៅខេត្តកណ្ដាល បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅជាន់ទី៤ បង្កឲ្យមានការភ្ញាក់ផ្អើលម្ដងរួមហើយ៕
មតិយោបល់