ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់បាត់បង់ជីវិត នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងជាង ០៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពានទឹកសាប ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តធុនធំ ០១គ្រឿងម៉ាក DONGFENG ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3E-0222 សណ្តោងរឺម៉កដឹកថ្ម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខតាកែវ1M-0540 បើកបរដោយឈ្មោះ ស៊ុយ វណ្ណនេត ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅស្របគ្នា។
ជនរងគ្រោះទី១-ឈ្មោះ ស៊ុយ វណ្ណនេត ស្លាប់នៅនឹងកន្លែងកើតហេតុ រង់ចាំស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងទី២-ឈ្មោះ មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅនឹងកន្លែងកើតហេតុ កំពុងស្វែងរកអត្តសញ្ញាណ ខណៈអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។
បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់