ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាចាប់ឃាត់ខ្លួនដោយសារគេបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនជាតិបរទេសម្នាក់ហើយព្យាយាមរត់គេខ្លួនតែត្រូវអស់ល័ក្ខព្រោះត្រូវអ្នកដែលឃើញហេតុការណ៍នេះជិះម៉ូតូដេញតាមចាប់បានម្នាក់និងម្នាក់ទៀតរត់រួចហើយក៏ប្រគល់អោយកម្លាំងកងរាជអាវុធហត្ថកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៤ស្ថិតនៅចំណុចផ្លូវ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ARSHAD MUNIR ភេទប្រុសអាយុ៤៧ឆ្នាំសញ្ជាតិប៉ាគីស្ថាន មុខរបរសព្វថ្ងៃជាប្រធានជេយ៉ាន អិនធឺណេតសិនណល បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥Eo ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
បើតាមសម្ដីអ្នកបកប្រែឈ្មោះ ផាន ដារី ភេទស្រីអាយុ២៦ឆ្នាំបានឱ្យដឹងថានៅវេលាម៉ោងកើតហេតុជនរងគ្រោះ(ជនបរទេសខាងលើ) បានធ្វើដំណើរថ្មើរជើងចេញពីផ្សារមកចាំមិត្តភ័ក្តិនៅមុខវិទ្យាល័យព្រះស៊ីសុវត្តិ តាមបណ្ដោយផ្លូវព្រះនរោត្ដម ពេលមកដល់ជនរងគ្រោះបានឈរកាន់ទូរស័ព្ទដៃមួយគ្រឿងម៉ាក សាំសុង កាឡាក់ស៊ី អេសធូ កំពុងចុចផ្ញើសារអេឡិចត្រូនិចអស់រយៈពេលប្រហែល៣០នាទី ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1A-5392 មកឈប់ជិតជនរងគ្រោះ ហើយម្នាក់ដែលជិះនៅខាងក្រោយបានលោតចុះពីម៉ូតូ រួចស្ទុះមកឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែលកំពុងឈរចាំមិត្តភ័ក្តិ រួចជនសង្ស័យក៏ហក់ឡើងជិះម៉ូតូព្យាយាមរត់គេច ខណៈនោះក៏មានយុវជនមួយក្រុមជិះម៉ូតូធុនធំស៊េរីទំនើបចំនួន៣គ្រឿងបានជិះដេញពីចំណុចកើតហេតុរហូតមកដល់ក្បែរ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ជនសង្ស័យក៏ប្រទះឃើញសមត្ថកិច្ចកងរាជអាវុធហត្ថ ក៏បានឈប់ផ្ដួលម៉ូតូហើយរត់គេចខ្លួនបាត់ម្នាក់ ចំណែកម្នាក់រត់ចូលទៅប្រឡាយទឹកស្អុយក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិជក៏ត្រូវកម្លាំងកងរាជអាវុធហត្ថព័ទ្ធចុះចាប់បានតែម្ដង។ ជនសង្ស័យមានឈ្មោះ ចាយ រតនៈ ហៅជេម អាយុ១៧ឆ្នាំមុខរបរជាកីឡាករបាល់ទាត់ ក្លិបភូជុងនាគ (ជើងទឹក)បច្ចុប្បន្នស្នាក់នៅ ភូមិតំណាក់ធំ ក្រុម២ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បន្ទាប់ពីកើតហេតុ ម៉ូតូហើយនិងជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាដើម្បីធ្វើការសាកសួរ និងបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕
មតិយោបល់