ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុន Salim Group របស់ឥណ្ឌូនេស៊ី ចាប់អារម្មណ៍ខ្លាំង លើវិស័យកសិកម្មកម្ពុជា

ភ្នំពេញៈ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលទី១៩ខែកញ្ញានេះ ជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី លោក អាតូនី សាលីម (Athony Salim ) ប្រធានក្រុមហ៊ុន Salim Group ដែលជាក្រុមហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ី និងកំពុងវិនិយោគលើគម្រោងហ្រ្គេនភ្នំពេញបានជំរាបជូនថា ក្រុមហ៊ុន របស់លោក មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យកសិកម្មនៅកម្ពុជា ពីព្រោះវិស័យនេះជាវិស័យដ៏ចាំបាច់សំរាប់ធានាការផ្គត់ផ្គង់ ស្បៀងទូទាំងពិភពលោក ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោក កៅគីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយជំនួបទ្វេភាគីនេះ។

ជាការឆ្លើយឆ្លើយតប នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគន៍ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគរបស់ក្រុមហ៊ុន Salim Group មកលើប្រទេសកម្ពុជា លើវិស័យកសិកម្ម រួមនិងគំរោងវិនិយោគលើវិស័យផ្សេងៗទៀត ។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានលើកទឹកចិត្ត និងជម្រុញឲ្យក្រុមហ៊ុននេះ គួរសិក្សាឲ្យ បានច្បាស់ និងគួរចាប់ដៃគូវិនិយោគទាំងក្នុងស្រុក និងបរទេស ដើម្បីវិនិយោគ លើ វិស័យអាទិភាពរបស់កម្ពុជា ដូចជាវិស័យកសិកម្ម ដែលមានការផលិតស្រូវ អង្ករនិងដំឡូងមីតែម្តង។

ជាងនេះទៀត វិស័យទេសចរណ៍នៅកម្ពុជាក៏ជាវិស័យដ៏មានសក្តានុពលផងដែរសម្រាប់ការបណ្តាក់ទុនវិនិយោគ។ ជាមួយគ្នានេះ លោក Anthony Salim បានកោតសរសើរចំពោះ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសកម្ពុជា រក្សាបាននូវសុខសន្តិភាព ដែលកត្តាទាំងនេះធ្វើឲ្យមានស្ថេរភាពកំណើនសេដ្ឋកិច្ច ជាពិសេសបានធ្វើឲ្យអ្នកវិនិយោគគិនបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Salim Group មាន១២ផ្នែក ដែលកំពុងវិនិយោគក្នុងប្រទេសចំនួន៩០ និងមានបុគ្គលិកបំរើការងារសរុប ប្រមាណ ៥៣ ម៉ឺននាក់។ ហើយកន្លងមក ក្រុមហ៊ុន Salim Group នេះក៏បានវិនិយោគនៅក្នុងប្រទេសកម្ពុជា លើ៥ វិស័យផងដែរ រួមមាន ការផលិតស្បៀងអាហារ វិស័យថាមពល វិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ និងវិស័យទេសចរណ៍៕

photo_2016-09-20_00-08-25photo_2016-09-20_00-08-27photo_2016-09-20_00-08-29photo_2016-09-20_00-08-31

មតិយោបល់