ភ្នំពេញៈ ច្រើនថ្ងៃមកហើយ ដែលតារាចម្រៀងល្បីឈ្មោះអ្នកនាងយក់ ឋិតរដ្ឋា និងគ្រួសាររួមមានលោកឃុំ ប៉ុណ្ណាដែត ជាស្វាមី កូនប្រុស និងម្ដាយ បានដឹកដៃគ្នាដើរកម្សាន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកនាង និងគ្រួសារ ត្រូវគេឃើញបង្ហោះរូបដើរលែងយ៉ាងរីករាយស្ទើរគ្រប់ទីតាំងសំខាន់ៗនៅក្នុងប្រទេសនោះ និងដើរទិញទំនិញម៉ាទំហឹងតែម្ដង គឺមិនខុសពីក្រុមអភិជនដែលមានឱកាសបានទៅកាន់ប្រទេសទំនើបនោះឡើយ។
គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលតារាចម្រៀងយក់ ឋិតរដ្ឋា និងស្វាមី មានឱកាសបង្ហាញភាពផ្អែមល្ហែមនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលអ្នកទាំងពីរមិនទាន់បង្ហើបឲ្យដឹងនៅឡើយថា នឹងត្រលប់មកស្រុកខ្មែរវិញថ្ងៃណា។ លោកឃុំ ប៉ុណ្ណាដែត បានត្រឹមតែព្រលយថានឹងដើរលេងឲ្យអស់ចិត្តនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ ខណៈដែលលោកទៅកម្សាន្តនៅក្នុងប្រទេសនោះគឺមានភរិយា កូនប្រុស និងម្ដាយ ចំណែកកូនស្រីរបស់ខ្លួនមានសាច់ញាតិនៅស្រុកខ្មែរមើលថែ។ នេះជាដំណើរកម្សាន្តមួយដ៏កម្រដែលគេកត់សម្គាល់ថាលោក និងភរិយាយកលុយទៅចាយម៉ាទំហឹងតែម្ដង ដើម្បីសាងភាពផ្អែមល្ហែម និងធ្វើឲ្យជីវិតគូរស្នេហ៍កាន់តែមានន័យ។
សកម្មភាពដើរកម្សាន្តរបស់អ្នកទាំងពីរ ត្រូវគេអះអាងថាមិនមែនជាការដើរកម្សាន្តជាលក្ខណៈឯកជនទាំងស្រុងនោះទេ ប៉ុន្តែក៏មានទំនងជាមានទំនាក់ទំនងនឹងការងារមុខជំនួញនោះផង ទើបគេឃើញទាំងពីរនាក់ចូលរៀនធ្វើម្ហូបកូរ៉េ ដែលកិច្ចការនេះគឺពាក់ព័ន្ធនឹងអាជីវកម្មបើកភោជនីយដ្ឋានរបស់ពួកគេ។ អ៊ីចឹងហើយទើបគេឃើញលោក និងអ្នកនាង យក់ ឋិតរដ្ឋា មានឱកាសដើរទស្សនាកន្លែងធ្វើម្ហូបធំៗ និងដើរកន្លែងសំខាន់ៗមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្រឡេកឲ្យយូរគឺខុសពីអ្នកទេសចរណ៍ខ្មែរដែលបានទៅដើរកម្សាន្តសុទ្ធសាធនៅក្នុងប្រទេសនោះ។ ក្នុងនោះអ្នកទាំងពីរក៏លែងម៉ាទំហឹងក្នុងការបង្អួតសម្រស់ជាសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិកូរ៉េ ធ្វើឲ្យមានការកោតសរសើរពីសំណាងរបស់អ្នកទាំងពីរផងដែរ៕
មតិយោបល់