ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុន ផ្ដល់ថវិកាជិត១លានដុល្លារបន្ថែម សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ: គ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ នៅតែបន្តគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ហើយថែមទាំងជាឧបសគ្គបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍ជាតិយ៉ាងខ្លាំងផងដែរ។ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសកម្ពុជា ឡើងវិញ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងជិត១លានដុល្លារបន្ថែមទៀត ជួយដល់អង្គការកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) ក្រោមគ្រោងការណ៍ នៃជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ីបាតា មិគីអុ ប្រធានតំណាងអង្គការ JMAS (ជេម៉ាស) ដើម្បីអនុវត្ត “គម្រោងបង្កើនសមត្ថភាពបោសសម្អាតមីនដល់ CMAC (ដំណាក់កាលទី៣)” នៅស្ថានទូតជប៉ុន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ស៊ីបាតា មិគីអុ ថ្លែងឲ្យដឹងថា នៅក្នុងគម្រោងឆ្នាំមុនៗ ជេម៉ាស បានបោះទីតាំងការដ្ឋានប្រតិបត្តិការស្ថិតនៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ខណ:ពេលដែលមានកម្មវិធីសិក្សាបោសសម្អាតមីនរួមបញ្ចូលគ្នា យើងបានធ្វើការបណ្តុះបណ្តាលចំណេះដឹងសំខាន់ៗ និងជំនាញមូលដ្ឋានចាំបាច់នៅទីនោះ បន្ទាប់មកក៏ធ្វើការបោសសម្អាតមីនជាក់ស្តែង នៅក្នុងចម្ការមីនដោយផ្ទាល់។ ជេម៉ាស បានអនុវត្តប្រតិបត្តិការបោសសម្អាតមីន ក្នុងចម្ការមីនជាច្រើន ដែលបាន និងកំពុងសេសសល់ក្នុងឃុំ ហើយបច្ចុប្បន្នផ្ទៃដីមានមីនដែលបានបោសសម្អាតមីនរួច ត្រូវបានប្រែក្លាយជាដីសម្រាប់សាងសង់ផ្លូវ ដីកសិកម្ម និងដីសាងសង់លំនៅដ្ឋានជាដើម។

ឯកអគ្គរាជទូតជប៉ុន លោក គូម៉ាម៉ារ៉ូ យូជិ ឲ្យដឹងដែរថា នៅក្នុងឆ្នាំទី៣ នៃគម្រោងដែលទើបតែបានចុះហត្ថលេខានៅថ្ងៃនេះ រដ្ឋាភិបាលជប៉ុន ផ្តល់ជូនថវិកាសរុបចំនួន ៨៣៣,៣៣២ដុល្លាអាមេរិក ដល់អង្គការ ជេម៉ាស ដើម្បីជួយដល់ការផ្ទេរនូវបច្ចេកទេសបោសសម្អាតមីន និងការរៀបចម្បង្កើតសមត្ថភាពដល់ស៊ីម៉ាក់ តាមរយ:កម្មវិធីសិក្សាថ្មីមួយ ដែលមានឈ្មោះថា “កម្មវិធីសិក្សាបោសសម្អាតមីនរួមបញ្ចូលគ្នា”  ដែលជាគម្រោងបន្ទាប់តពីគម្រោងឆ្នាំទី១ និងឆ្នាំទី២ របស់អង្គការនេះ។ គម្រោងនេះ នឹងអនុវត្តជាក់ស្តែងនូវការបោសសម្អាតមីននៅក្នុងចម្ការមីនប្រមាណជា២៦០ហិកតា ក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាល។

លោក យូជិ បន្តថា គម្រោងនេះ ត្រូវបានផ្តោតជាសំខាន់លើគោលដៅនាពេលអនាគត ដើម្បីសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយ:ការបោសសម្អាតមីន ក៏ដូចជាការបង្កើនភាពជាដៃគូជាសកល ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន ដែលជាបញ្ហាទូទៅលើឆាកអន្តរជាតិ តាមរយ:កិច្ចសហប្រតិបត្តិការត្បូង-ត្បូងរបស់ស៊ីម៉ាក់ និងកិច្ចសហប្រតិបត្តិការត្រីកោណ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងធំធេង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលត្រូវបានអនុម័តកាលពីឆ្នាំមុននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(MDGs) ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន កម្ពុជា នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលត្រូវបានកប់ក្នុងដីសល់ពីសម័យសង្រ្គាម ជាពិសេសនៅភូមិភាគពាយព្យ។ វត្តមាននៃគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ គឺមិនត្រឹមតែគំរាមគំហែងដល់សុវត្ថិភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សង្គមកិច្ច សេដ្ឋកិច្ច និងកសិកម្ម ក៏ដូចជាការអភិវឌ្ឍជនបទផងដែរ ដូច្នេះការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះទាំងអស់នេះចេញ គឺជាដំណើរការមួយដែលសំខាន់មិនអាចខ្វះបានទេ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕

japan-fund-to-cmac_21-09-16_010

japan-fund-to-cmac_21-09-16_001

japan-fund-to-cmac_21-09-16_007

japan-fund-to-cmac_21-09-16_018

japan-fund-to-cmac_21-09-16_002

japan-fund-to-cmac_21-09-16_003

japan-fund-to-cmac_21-09-16_004

japan-fund-to-cmac_21-09-16_005

japan-fund-to-cmac_21-09-16_006

japan-fund-to-cmac_21-09-16_008

japan-fund-to-cmac_21-09-16_011

japan-fund-to-cmac_21-09-16_012

japan-fund-to-cmac_21-09-16_009

japan-fund-to-cmac_21-09-16_013

japan-fund-to-cmac_21-09-16_016

japan-fund-to-cmac_21-09-16_015

japan-fund-to-cmac_21-09-16_017

មតិយោបល់