ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កើតជម្លោះតិចតួច រឿងជំពាក់ប្រាក់ យកកាំបិតដោះស្រាយបញ្ហា

បន្ទាយមានជ័យ:បុរសម្នាក់ត្រូវជនដៃដល់ កាប់ជាច្រើនកាំបិត មើលទៅគួរឲ្យខ្លាចដូចគេជ្រៀកងៀតត្រីអីចឹង ដោយសារជម្លោះតិចតួចរឿងជំពាក់ប្រាក់ និងការផ្តាច់ទឹកមិនឲ្យប្រើប្រាស់។ ហេតុការណ៌ខាងលើបានកើតឡើង នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។

ជនរងគ្រោះ ឈ្មោះ អ៊ុក សុធារឹទ្ធ អាយុ៣០ឆ្នាំ ជាកម្មករសំណង់មានទីលំនៅក្នុងភូមិកើតហេតុ។ជនរងគ្រោះ ត្រូវជនដៃដល់កាប់របួសជាច្រើនកន្លែង គ្រាន់តែដៃ៥កន្លែង ដាច់ម្រាមដៃ២ផងដែរ ស្មារនិងសាច់ដុំដៃខាងឆ្វេងផ្នែកខាងក្រោយ,ក និងក្រោយត្រចៀកខាងឆ្វេងដេរជាច្រើនថ្នេរ។

តាមជនរងគ្រោះនិយាយថា បញ្ហាកើតឡើងគឺរឿងការផ្តាច់ទឹកប្រើប្រាស់។ ជនរងគ្រោះនិយាយថាដំបូងជនដៃដល់បានជេរប្រមាថម្តាយខ្លួនរឿងសួរនាំ ហេតុអ្វីផ្តាច់ទុយោទឹក មិនឲ្យប្រើប្រាស់ពេលខ្លួនទៅឃាត់ការជេរប្រមាថ នោះស្រាប់តែត្រូវជនដៃដល់ កាប់តែម្តង។

ជនបង្ករត្រូវបានគេស្គាល់ឈ្មោះ ភ័ក្រ ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកលក់ទឹកអំពៅ និងមានទីលំនៅជាប់ផ្ទះជនរងគ្រោះ ក្នុងភូមិកើតហេតុខាងលើ។ ជនបង្ករក្រោយកើតហេតុបានគេចខ្លួនបាត់ ប៉ុន្តែនៅព្រឹកថ្ងៃទី២៦នេះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ហើយហៅប្រពន្ធជនដៃដល់ ទៅសួរនាំ។

ស្ត្រីឈ្មោះ អ៊ូ សាធី អាយុ៣៥ឆ្នាំ ប្រពន្ធជនដៃដល់ និយាយថារឿងរ៉ាវខាងលើ មិនមែនកើតចេញពីរឿងផ្ដាច់ទឹកប្រើប្រាស់នោះទេ ការពិតកើតចេញពីរឿងជំពាក់ប្រាក់។

នាងបន្តថា កាលពីអំឡុងខែមករាឆ្នាំ២០១៦ គ្រួសារជនដៃដល់បានទិញរទេះដែក របស់គ្រួសារគាត់១គ្រឿង តម្លៃ២៥០០បាតប្រាក់ថៃ ប៉ុន្តែដោយអត់ប្រាក់ក៌ទិញជារបៀប ឡើងប្រាក់រាប់ឲ្យគាត់ក្នុង១ថ្ងៃ១០០បាត។

ស្ត្រីខាងលើបន្តថា គ្រួសារជនដៃដល់ក្រោយពីទទួលរទេះ យកទៅលក់បាត់ មិនព្រមសងប្រាក់គ្រួសារគាត់ទេហើយរាល់ពេលសួរនាំ ទារប្រាក់បែជាជនដៃដល់នាំកូនរករឿងជេរប្រមាថ រហូតបង្ករជម្លោះជាបន្តបន្ទាប់ឲ្យតែពេលគេស្រវឹងស្រា (ជនដៃដល់) ។

ស្ត្រីខាងលើបន្តថា កាលពីថ្ងៃមុនគ្រួសារខាងលើ បានយកកាំបិតពូថៅទៅកាប់សសរផ្ទះគាត់ ហើយមុនកើតហេតុលើកនេះ ដោយសារថាជនដៃដល់ស្រវឹង យកញញួរទៅរករឿងវាយប្តីគាត់ទើបទ្រាំមិនបានប្តីគាត់កាំបិទបុ័ងតោ កាប់តែម្តងទៅ។

សមត្ថកិច្ចនិយាយថា ស្ត្រីខាងលើគ្រាន់តែហៅសួរនាំ ដើម្បីចង់ដឹងពីមូលហេតុ នៃជម្លោះតែប៉ុណ្ណោះ។ចំណែកជនដៃដល់ សមត្ថកិច្ចប្រាប់ថាពេលនេះកំពុងស្រាវជ្រៀវរក ដើម្បីនាំខ្លួនមកផ្តន្ទាទោស៕

photo_2016-04-26_16-56-23 photo_2016-04-26_16-56-22 photo_2016-04-26_16-56-21 photo_2016-04-26_16-56-20 (2) photo_2016-04-26_16-56-18

មតិយោបល់