កំពងចាម: ជនល្មើស ៣នាក់ ប្រដាប់ដោយអាវុធជាប់ដៃ បាននាំគ្នាចូលប្លន់ និងចាប់ចងស្រ្តីម្ចាស់ផ្ទះ យកអស់ជាង ៧ម៉ឺនដុល្លារ នៅស្រុកកំពង់សៀម ប៉ុន្តែមន្ត្រីនគេបាល បានបដិសេធ និងសង្ស័យថា វាជាករណីផ្សេងទៅវិញ នេះបើតាមការអះអាងឱ្យ Post News ដឹង ពីមន្ត្រីមានសមត្ថកិច្ច នៅថ្ងៃទី២៦ មេសា ២០១៦ នេះ។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ និងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ថា តើពិតជាករណីប្លន់ ឬករណីអ្វីផ្សេងទៀត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ហឹម ហយ អាយុ៥០ឆ្នាំ។ ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពោលនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គាត់បានទៅហូបការគេ ស្ថិតនៅភូមិវាលឌិន ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ហើយប្តី និងកូនក៏ទៅហូបការគេផងដែរ តែនៅកន្លែងផ្សេងគ្នា។
ស្រ្តីរងគ្រោះបានបន្តទៀតថា «លុះដល់ម៉ោង៧និង៣០នាទីយប់ កូនស្រីទៅផ្ទះគេ ខ្ញុំមកផ្ទះខ្ញុំ (នៅទល់មុខគ្នា) ពេលខ្ញុំចូលដល់ក្នុងផ្ទះ ទៅរោងបាយក្រោយផ្ទះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ៣នាក់ ដែលមានពាក់ម៉ាស់ ហក់ចូលមកភ្ជង់ ចាប់អូសឡើងលើផ្ទះ រួចយកខ្សែលួស ចងដៃភ្ជាប់ហ្នឹងសសរផ្ទះ ច្របាច់ក ទះកំផ្លៀង សួររកលុយទុកនៅឯណា? គ្នាវាម្នាក់ទៀត ដែលកាន់ដែកជើងជ្រូក គាស់ប្រអប់គ្រែយកលុយ និងមាស រួចរត់គេចខ្លួនតាមទ្វារក្រោយបាត់ទៅ»។
ក្រោយការសួរនាំ ជនរងគ្រោះឆ្លើយថា ក្រុមចោរយកអស់លុយជាង៧ម៉ឺនដុល្លារ មាស២,៥ដំឡឹង ដែលទ្រព្យសម្បត្តិខ្លះ ជារបស់កូនដែលយកមកផ្ញើ និងខ្លះទៀតរបស់ស្រ្តីជាម្តាយ។ មន្រ្តីអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់នៅរសៀលថ្ងៃនេះថា បាននិងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ដើម្បីបំបែកករណីមួយនេះ។
សូមបញ្ជាក់ថា សម្រាប់ទឹកដីខេត្តកំពង់ចាម ករណីប្លន់ប្រដាប់អាវុធ បានស្ងាត់អស់រយៈពេលយូរមកហើយ ទើបតែពេលនេះ បានកើតឡើងនៅស្រុកកំពង់សៀម តែមិនបណ្តាលឲ្យស្រ្តីរងគ្រោះបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ធ្ងន់ធ្ងរ នោះឡើយ៕
មតិយោបល់