ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យដឹងថា បន្ទាប់ពីតាមដានលើអាកាសធាតុរួចមក ឃើញថា ខ្យល់មូសុងនិរតី បាននិងកំពុងនឹងបង្កើតឥទ្ធិពល លើព្រះរាជណាចក្រកម្ពុជា និងលើឈូងសមុទ្រថ្ងៃ។
ក្នុងនោះដែរ ប្រព័ន្ធសម្ពាធទាប បាននិងកំពុងអូសបន្លាយកាត់លើភាគកណ្ដាលប្រទេសថៃ និងភាគខាងត្បូងប្រទេសទ្បាវ។
យោងតាមការព្យាករ ស្ថានភាពអាកាសធាតុតំបន់ បានឲ្យដឹងថា តំបន់វាលទំនាប់ និងខ្ពស់រាប អាចមានភ្លៀងធ្លាក់រាយប៉ាយជាមួយបរិមាណកើនទ្បើងពីបង្គួរទៅច្រើន។ ចំណែកតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងពីមធ្យមទៅច្រើន។
អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្ន ព្រោះភ្លៀង អាចបង្កឲ្យមានទឹកជំនន់នៅផ្នែកមួយចំនួននៃខេត្តពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល តាកែវ និងខេត្តកំពត ចាប់ពីថ្ងៃទី ០១-០៣ ខែតុលា ឆ្នាំ២០១៦នេះ៕

មតិយោបល់