ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាម Abu Sayyaf ប្រហារជីវិតឈ្លើយសឹក ដោយកាត់ក្បាល នៅប្រទេសហ្វីលីពីន

ទាហានហ្វីលីពីន បាននិយាយថា ក្រុម​ឧទ្ទាម Abu Sayyaf បានកាត់ក្បាលអ្នកនេសាទជនជាតិហ្វីលីពីនម្នាក់ ក្នុងចំណោមពួកគេ ០៤ នាក់ ដែលក្រុមនេះ បានចាប់យកធ្វើជាឈ្លើយសឹក កាលពីខែធ្នូ ឆ្នាំមុន។ នេះបើយោងតាមរយ:សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

ឧត្តមសេនីយ៍លោក Cirilito Sobejana មេបញ្ជាការយោធា នៅភាគខាងត្បូងកោះហ្សូឡូ កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា អ្នកបើកទូកនេសាទម្នាក់ ឈ្មោះ Noel Besconde ត្រូវបានប្រហារជីវិតយ៉ាងព្រៃ នៅក្បែរទីប្រជុំជន Patikul កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែសាកសពរបស់គាត់ មិនទាន់ត្រូវបានគេរកឃើញនៅទ្បើយទេ។

លោក Noel Besconde ត្រូវបានចាប់ខ្លួនរួមជាមួយនាវិកចំនួន ០៣ នាក់ទៀត ដោយក្រុមសកម្មប្រយុទ្ធ Abu Sayyaf ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម នៃប្រទេសអ៊ីរ៉ាក់ និងក្រុម Levant (ISIL) ខណ:ដែលពួកគេ បានធ្វើដំណើរនៅលើទូកនេសាទ នៅឯសមុទ្រ Celebes កាលពីខែធ្នូ ឆ្នាំមុន ។

ពួកឧទ្ទាម Abu Sayyaf ត្រូវបានគេស្គាល់ថា ជាក្រុមតូចមួយ ដែលធ្វើសកម្មភាពចាប់ជំរិត សម្លាប់កាត់ក្បាល បំផ្ទុះគ្រាប់បែក និងការជំរិតទារប្រាក់ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ហើយភាគច្រើនជាកាតូលិក។

លោក Sobejana បាននិយាយថា ករណីប្រហារជីវិតលោក Besconde ដោយកាត់ក្បាល គឺអាចដោយសារតែគាត់ មានជំងឺ ឬក៏តដៃជាមួយក្រុមនោះ៕

មតិយោបល់