ភ្នំពេញៈ លោក ហុង លីម ដែលជាសមាជិកសភាអូស្រ្តាលី បានគំរាមធ្វើបាតុកម្មមួយ នៅពេលដែលលោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្រ្តីកម្ពុជាគ្រោងនឹងធ្វើដំណើរទៅបំពេញបេសកកម្មនៅទីនោះ។
ថ្លែងនៅមុនពេលចេញដំណើរនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះការគំរាមធ្វើបាតុកម្មនេះវិញថា ការធ្វើបាតុកម្មណាមួយ គឺជាសិទ្ធិក្នុងការធ្វើបាតុកម្ម តែសូមកុំឲ្យលើសព្រំដែនច្បាប់កំណត់។ លោកថា «សិទ្ធិក្នុងការធ្វើបាតុកម្មគឺគាត់មានសិទ្ធិក្នុងការរៀបចំធ្វើបាតុកម្ម ប៉ុន្តែខ្ញុំសូមឲ្យការបាតុកម្មនេះ សូមឲ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរទាំងអ្នកដែលទៅពីក្នុងប្រទេស និងអ្នកនៅអូស្រ្តាលី អ្នកចូលរួមក្នុងការជួបជុំគ្នានេះផងដែរ»។
ពាក់ព័ន្ធគម្រោងធ្វើបាតុកម្មនេះលោកបន្តថា «បងប្អូនមានសិទ្ធិធ្វើបាតុកម្មចឹងទៅចោះ តែកុំឲ្យធ្វើអ្វីដែលលើសពីព្រំដែនដែលច្បាប់កំណត់ បើសិនលើសពីច្បាប់ នៅទីនោះនឹងទទួលខុសច្បាប់ចំពោះមុខច្បាប់អូស្រ្តាលីហើយ»។
សូមជម្រាបថា ដំណើរទស្សនកិច្ច លោក ហ៊ុន ម៉ាណែតនិងគណៈប្រតិភូក្រុមការងារយុវជនគឺទៅបំពេញបេសកកម្មនៅក្នុងប្រទេសអូស្ត្រាលីនិងប្រទេសញូហ្សេលែន រយៈពេល១៣ថ្ងៃ ដោយចេញដំណើរនៅល្ងាចថ្ងៃទី៦តុលា និងត្រលប់មកកាន់មាតុភូមិវិញនៅនៅថ្ងៃទី១៩ តុលា ២០១៦ខាងមុខ។ ក្នុងដំណើរបំពេញបេសកកម្មនៅអូស្រ្តាលីនោះ លោក ហ៊ុន ម៉ាណែត នឹងជួបជាមួយសមាជិកសភាអូស្រ្តាលីនៅតាមបណ្តារដ្ឋមួយចំនួន រួមទាំងនឹងមានកិច្ចពិភាក្សាអំពីបញ្ហាមួយចំនួនផងដែរ៕
មតិយោបល់