ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ជំរុញឲ្យមន្ត្រីពាក់ព័ន្ធ ពិនិត្យឲ្យបានច្បាស់លើបញ្ហាប្រឈមផ្សេងៗ និងបង្ការគ្រោះអគ្គីភ័យ

ភ្នំពេញ:លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យឲ្យបានច្បាស់លាស់ លើបញ្ហាប្រឈមផ្សេងៗ ពិសេសគឺការដាក់បញ្ហាប្រឈមថា គ្រូបង្រៀនយកលុយសិស្ស ។

លោកបានលើកឡើងថា ក្នុងរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក បានបង្ហាញឲ្យឃើញពីបញ្ហាប្រឈម ជុំវិញគ្រូបង្រៀនយកលុយសិស្ស ដែលបញ្ហានេះមន្ត្រីពាក់ព័ន្ធត្រូវតែចុះធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវឲ្យបានច្បាស់លាស់។ លោក បន្ដថា បើគ្រូបង្រៀននៅតែបន្តយកលុយសិស្ស នៅតាមសាលារៀននោះ មានន័យថា របាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក ធ្វើឡើងត្រឹមត្រូវហើយ។ប៉ុន្តែបើគ្រូបង្រៀនទាំងនោះពួកគាត់ បានបញ្ឈប់ការយកលុយពីសិស្សហើយ ហើយក្នុងរបាយការណ៍របស់ រដ្ឋបាលខណ្ឌ នៅតែបញ្ចូលបញ្ហាប្រឈមគ្រូបង្រៀននៅតែបន្តយកលុយ សិស្សនៅតាមសាលារៀនទៀតនោះ វានឹងធ្វើឲ្យលោកគ្រូអ្នកគ្រូរបស់យើងអន់ចិត្តឬបាក់ទឹកចិត្តជាមិនខាន ដែលបញ្ហានេះយើងត្រូវតែយកចិត្តទុកដាក់។

លោក ម៉ែន សិរី លើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី២៨ មេសា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ។

ក្រៅពីការលើកឡើងខាងលើ លោក ម៉ែន សិរី ក៏បានធ្វើការណែនាំឲ្យមន្ត្រីរបស់សាលាខណ្ឌទួលគោកទាំងអស់ត្រូវយកចិត្តទុកដាក់ និងចុះណែនាំដល់ប្រជាពលរដ្ឋ ក្នុងការបង្ការ និងទប់ស្កាត់ គ្រោះអគ្គិភ័យ ដោយសារថា ក្នុងរដូវនេះជារដូវក្តៅ ផុយ ស្រួយ និងមានការឆាបឆេះដោយអគ្គិភ័យណាស់ ដែលយើងត្រូវតែប្រុងប្រយ័ត្នចំពោះគ្រោះអាក្រក់នេះ ដោយពាក្យចាស់លោកពោលថា «ស៊ូឲ្យលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»៕

photo_2016-04-28_12-01-53 photo_2016-04-28_12-01-47 photo_2016-04-28_12-02-01 photo_2016-04-28_12-02-06

 

មតិយោបល់