ព័ត៌មានជាតិ

កម្ពុជាចុះ អនុស្សារណៈយោគយល់ នាំចេញផ្លែស្វាយ ចេញទៅកូរ៉េខាងត្បូង

ភ្នំពេញ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) មួយជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បីនាំចេញផ្លែស្វាយទៅប្រទេសកូរ៉េ។

លោក អ៊ាង សុផល្លែត អ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង កាលពីថ្ងៃទី២៧ ខែមេសា ម្សិលម៉ិញថា បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនេះទៅ កម្ពុជា មានទីផ្សារ ទៅក្រៅប្រទេសថ្មី មួយទៀតហើយ គឺទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួយដល់កសិករ ក្នុងការនាំចេញផ្លែស្វាយរបស់ពួកគេទៅកាន់ប្រទេសនេះ។

អ្នកនាំពាក្យរូបនេះ បន្តថា “ប្រទេសកម្ពុជាបានបំពេញតាមលក្ខខណ្ឌ គុណភាព សម្រាប់ការនាំចេញ ដោយសារតែប្រទេសទាំងពីរនេះ បានធ្វើការងាររួមគ្នាក្នុងការសម្រេចការងារនេះ។ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលនាំចូលផ្លែស្វាយច្រើន ហើយពួកគេចូលចិត្តផ្លែស្វាយ របស់កម្ពុជា ជាពិសេសស្វាយកែវរមៀត”។ លោក លើកឡើងថា មានសក្ដានុពលសម្រាប់ផ្លែស្វាយកម្ពុជា ដោយសារតែតម្លៃផ្លែស្វាយរបស់យើងទាបជាងប្រទេសជិតខាង។

យ៉ាងណាក៏ដោយគេមើលឃើញថា ទីផ្សារផ្លែស្វាយរបស់កម្ពុជា កន្លងមកមិនមានលំនឹងច្បាស់លាស់នោះទេ គឺតម្លៃទៅតាមការកំណត់របស់ឈ្មួញកណ្តាល ពោលគឺ ដើមរដូវ ស្វាយមានតិចតម្លៃខ្ពស់ ដល់ស្វាយមានច្រើនតម្លៃទាប ធ្វើឲ្យកសិករអ្នកដាំស្វាយ មានការរារែកក្នុងការដាំ ហើយកសិករដែលបានដាំស្វាយហើយមានការព្រួយបារម្ភពីទីផ្សារ។

លោក គឹម សម្លូត តំណាងកសិករ និងជាប្រធានសហគមន៍ស្វាយកែវរមៀតឱរ៉ាល់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៨ ខែមេសានេះថា “សមាជិកក្នុងសហគមន៍របស់លោក មានកង្វល់ជាខ្លាំងចំពោះទីផ្សារស្វាយនេះ ព្រោះកន្លងមកតម្លៃស្វាយមិនទៀតទាត់ គឺអាស្រ័យទៅលើឈ្មួញកណ្តាល ដើមរដូវមានតម្លៃខ្ពស់គឺអាចពី២០០០ទៅ២៥០០រៀល ក្នុង១គីឡូក្រាម តែដល់ពេលរដូវសម្បូរស្វាយ តម្លៃធ្លាក់មកនៅត្រឹម៧០០ទៅ៨០០រៀល តែប៉ុណ្ណោះ។ ទន្ទឹមនោះសម្រាប់តំបន់មួយចំនួនទៀត គឺមិនមានអ្នកចុះទៅទិញតែម្តង ក្រៅពីបេះលក់ជាលក្ខណៈគ្រួសារ ផ្លែស្វាយត្រូវទុកចោលឱ្យទុំជ្រុះចោលតែម្តង”។

ក្រោយពីទទួលដំណឹងពីការចុះអនុស្សារណៈ នាំចេញស្វាយទៅប្រទេសកូរ៉េខាងត្បូងនេះ សហគមន៍របស់លោក មានការត្រេកអរ ហើយរំពឹងថា នឹងជួយកសិករដាំស្វាយនៅឱរ៉ាល់ ក៏ដូចជាអ្នកដាំស្វាយនៅទូទាំងប្រទេស លែងមានកង្វល់ពីទីផ្សារស្វាយទៀតហើយ។

ប្រធានសហគមន៍រូបនេះ ស្នើឲ្យស្ថាប័នរដ្ឋមេត្តាជួយពង្រឹងតម្លៃស្វាយនេះឱ្យបានល្អប្រសើរនិងជំរុញឱ្យមានការចុះមកទិញដល់សហគមន៍ដោយផ្ទាល់ ដើម្បីឲ្យកសិករមានភាពកក់ក្តៅ និងមានទឹកចិត្តបន្តដាំស្វាយបន្ថែមពិសេសលើដីដែលបង្កបង្កើនផលមិនបាន៕

photo_2016-04-28_12-07-28 photo_2016-04-28_12-07-22 photo_2016-04-28_12-07-17

មតិយោបល់