ភ្នំពេញៈ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ២នាក់ ត្រូវបានទូរស័ព្ទអាយហ្វូន នឹងអាវក្រោះ ជួយសង្គ្រោះជីវិត ពីការបាញ់ប្រហារចំដើមទ្រូង ពីសំណាក់ក្រុមឧក្រិដ្ឋជន នៅគ្រាដែលចុះប្រតិបត្តិការបង្ក្រាបសំបុកមេក្លោងគ្រឿងញៀននៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
មន្ត្រីអាវុធហត្ថម្នាក់ ត្រូវក្រុមគ្រឿងញៀនបាញ់ប្រហារចំដើមទ្រូងតែម្តង តែសំណាងនិងជីវិតថ្លៃ គឺបានអាវក្រោះជួយដោយគ្រាប់កាំភ្លើង បៀមជាប់នឹងអាវក្រោះ មិនធ្លុះដល់ក្នុង គ្រាន់តែរបួសតិចតួច នឹងមន្ត្រីអាវុធហត្ថម្នាក់ទៀត ត្រូវជនគ្រឿងញៀនបាញ់ចំភ្លៅខាងឆ្វេងតែសំណាងបានទូរស័ព្ទ អាយហ្វូន២គ្រឿងជួយ ដោយគ្រាប់ទម្លុះបែកអាយហ្វូនទាំង២ តែគ្រាន់តែធ្វើឱ្យរបួសតិចតួចផងដែរ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ ដំបូងឡើយបានផ្តើមចេញពីកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំ ដោយលោកវរៈសេនីយ៍ត្រី ប៉ាន់ សុភាព ជានាយការិយាល័យ និងលោកអនុសេនីយ៍ឯក ទៀន ករុណា ចាប់បានជនល្មើសគ្រឿងញៀនម្នាក់ឈ្មោះ លី វីរៈ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទល់មុខមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) និងដកហូតថ្នាំញៀនបាន២០៦គ្រាប់។
តាមចម្លើយសារភាពរបស់ជនឈ្មោះ លី វីរៈ បានប្រាប់ថា មេខ្លោងធំរបស់វា នៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កត់បឹងកក់ទី១ ខណ្ឌទួលគោក ទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានសុំគោលការណ៍ និងការសម្របសម្រួលពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងព្រះរាជអាជ្ញារង សៀង សុខ ចុះទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀនទាំងនោះ ដោយសហការជាមួយអាវុធហត្ថ ខណ្ឌទួលគោក ។
ពេលទៅដល់ផ្ទះជនល្មើសដែលមាន២ជាន់ ថ្មក្រោមឈើលាយថ្មខាងលើ កងកម្លាំងអាវុធហត្ថ បានសម្រុកចូលដល់ក្នុងផ្ទះជាន់ខាងក្រោម ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងបន្តឡើងទៅជាន់លើឃាត់ខ្លួនបានបក្សពួកវាម្នាក់ទៀត ភ្លាមៗនោះជនល្មើសដែលជាមេខ្លោងធំរបស់វាឈ្មោះ លឹម តេង បានចេញមកបាញ់ប្រហារលើកម្លាំងអាវុធហត្ថ បណ្តាលឲ្យអាវុធហត្ថម្នាក់ត្រូវ១គ្រាប់ ហើយកម្លាំងអាវុធហត្ថ បានបាញ់តបតដើម្បីរំដោះអ្នករបួសយកទៅមន្ទីរពេទ្យ តែជាអកុសលលោក ទៀន ករុណា បានពលីពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីមានហេតុការណ៍នោះភ្លាម លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានដឹកនាំកម្លាំងអន្តរាគមន៍ទៅដល់កន្លែងកើតហេតុដោយផ្ទាល់ តែដោយផ្ទះរបស់ជនល្មើសចាប់កាម៉ារ៉ាគ្រប់ទីកន្លែង ធ្វើឲ្យកម្លាំងប្រតិបត្តិការមិនអាចចូលទៅក្នុងផ្ទះបាន ហើយជនល្មើសបានបាញ់សង្គ្រុបមកលើសមត្ថកិច្ចជាបន្តបន្ទាប់មិនតិចជាង៥០គ្រាប់ ទើបលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បញ្ជាឲ្យកម្លាំងរបស់លោកបាញ់កម្ទេចកាម៉េរ៉ាចោលមួយចំនួន និងសម្រុកចូលទៅបាញ់ប្រហារតបតជាមួយជនល្មើសដែលជាមេខ្លោងធំឈ្មោះ លឹម តេង បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ដេករបស់វា ដែលមានកាម៉េរ៉ាតែម្តង ។
ក្នុងប្រតិបត្តិការសម្រុកចូលនោះ ជនល្មើសក៍បានបាញ់ប្រហារ ត្រូវមន្ត្រីអាវុធហត្ថពីរនាក់ទៀតដែរគឺម្នាក់ត្រូវក្បាលគ្រាប់បៀមជាប់អាវក្រោះត្រង់ដើមទ្រូង និងម្នាក់ទៀតត្រូវចំទូរស័ព្ទ iphone ពីរគ្រឿងនៅក្នុងហោប៉ាវខោត្រង់ភ្លៅឆ្វេង បណ្តាលឲ្យកំពិតទូរស័ព្ទទាំងពីរគ្រឿង ។
ក្រោយមកពេលសមត្ថកិច្ចបានចូលទៅឆែកឆេរក្នុងបន្ទប់ជនល្មើស បានរកឃើញថាជនល្មើសបានចាក់គ្រឿងញៀនចោលចូលក្នុងចានបង្គន់ទាំងអស់ ធ្វើឲ្យសមត្ថកិច្ចប្រមូលបានតែកម្ទេចកម្ទីថ្នាំញៀនមួយចំនួនដែលជនល្មើសធ្វើកំពប់ប៉ុណ្ណោះ ហើយជនល្មើសក៍បានដុតបំផ្លាញឯកសារពាក់ព័ន្ឋមួយចំនួនផងដែរ ធ្វើសមត្ថកិច្ចអាវុធហត្ថ មិនទាន់អាចកំណត់អត្តសញ្ញាណមេខ្លោងធំនេះបានច្បាស់លាស់នៅឡើយ ។
ក្រោយប្រតិបត្តិការជាង២ម៉ោងកម្លាំងអាវុធហត្ថ បានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយឃាត់ខ្លួនជនល្មើសសរុប០៥នាក់ ០១-ឈ្មោះ ត្រាវ រិទ្ធី អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យបឹងកេងកង ស្នាក់នៅផ្ទះលេខ២៥១ផ្លូវ១១ ក្នុងបុរីពិភពថ្មីចំការដូង ០២-ឈ្មោះ នី វីរៈ អាយុ៣៧ឆ្នាំ ស្នាក់នៅចល័តតាមផ្ទះសំណាក់ក្នុងរាជធានីភ្នំពេញ រីឯ៣នាក់ទៀត មិនទាន់បានស្គាល់ឈ្មោះនៅឡើយ ។បាញ់ស្លាប់ម្នាក់ ដកហូតបានអាវុធវែងខ្លី០៦ដើម អាវុធAK ១ដើម រថយន្ត២គ្រឿង គឺ Luxus RX 300មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AF1549 និងរថយន្តស៊េរីទំនើបម៉ាក អូឌី (Audi Q7 ) មួយគ្រឿង ព៌ណស ពាក់ស្លាកលេខ នគរបាល2-0621 នឹងម៉ូតូ០៤គ្រឿង ។
ដោយឡែក ម្ចាស់ផ្ទះដែលមានយីហោ “លី កុកហ៊ុយ ជ្រូកខ្វៃ” ត្រូវសមត្ថកិច្ចចុះបង្ក្រាបនោះឈ្មោះ លី កុកហ៊ុយ ដែលប្រភពមិនទាន់ច្បាស់ការណ៍ថា ជាមន្ត្រីក្រសួងមហាផ្ទៃ ត្រូវជាឪពុក៕
មតិយោបល់