ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្រីមុំចូលខ្លួនមកបំភ្លឺ តាមដីកាកោះ របស់តំណាងអយ្យការ ដោយមិនមានមេធាវីការពារក្តីដូចគ្រាមុន

ភ្នំពេញ: កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នៅម៉ោងប្រមាណជាជិត៩ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះបានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់លោក កែវ សុជាតិ ដែលជាតំណាងអយ្យការហើយ។ ប៉ុន្តអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺនៅត្រង់ថា នៅព្រឹកនេះស្រីមុំមិនមានមេធាវីការពារសិទ្ធិ និងមន្ត្រីការពារសិទ្ធិមនុស្សមកហែរហមអមដំណើរដូចកាលគ្រាមុននោះទៀតទេ ដោយហេតុថាអង្គការដែលធ្លាប់តែជួយនាងកន្លងមកនោះបានបញ្ឈប់ការផ្តល់មេធាវីកាពារក្តីឱ្យរូបនាងហើយ។

ការចូលខ្លួនបំភ្លឺរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នៅព្រឹកនេះគឺពាក់ព័ន្ធបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦កន្លងទៅ ដែលបានប្តឹងលោក កឹម សុខា ប្រធានស្តីទីគណៈបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ ដោយផ្តើមចេញពីខ្សែអាត់សម្លេងឆ្លើយឆ្លងស្នេហា រវាងលោក កឹម សុខា និងកញ្ញាស្រីមុំ។

គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅក៏ត្រូវបានលោក កែវ សុជាតិ ជាតំណាងអយ្យការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីរួចហើយ ដោយនៅគ្រានោះកញ្ញាបានអះអាងប្រាប់អ្នកសារព័ត៌មានថា កញ្ញាបានប្តឹងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា ជាទឹកប្រាក់ចំនួន ១លានដុល្លារ។ ការប្តឹងទាមទារទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីលោក កឹម សុខា បែបនេះធ្វើឡើង នៅក្រោយពេលដែលកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រមុំ បានសារភាពប្រាប់លោក សៀង សុខ ជាតំណាងអយ្យកាលពីគ្រាមុនថានាងពិតជាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រាកដមែន ហើយសម្លេងឆ្លើយឆ្លងអំពីកញ្ញា ធី សុវណ្ណថា ទិញរថយន្តទំនើប និងរឿងមួយចំនួនទៀតនោះ ជាសម្លេងរបស់នាង និងលោក កឹម សុខា យ៉ាងជាក់ច្បាស់។ ទោះជាយ៉ាងណាកញ្ញា ធី សុវណ្ណថា មិនធ្លាប់បានបញ្ជាក់ថា កញ្ញានឹងប្តឹងទាមទារសំណងជំងឺចិត្តពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នោះទេ ហើយមកដល់ពេលនេះតុលាការក៏មិនទាន់បានសម្រេចថាតើស្រីមុំ គឺជាជនសង្ស័យ ឬជនរងគ្រោះ នោះទេ?

ដោយឡែកពាក់ព័ន្ធនឹងប្តឹងប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណៈបក្សសង្គ្រោះជាតិមួយទៀតនោះគឺកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ផ្ទាល់តែម្តង ក្នុងពេលថ្មីៗនេះក៏បានប្តឹងប្រុសស្នេហ៍របស់នាងគឺលោក កឹម សុខា ដោយទាមទារសំណងជំងឺចិត្ត ៣០ម៉ឺនដុល្លារផងដែរ។

គេកំពុងរងចាំមើលដោយការយកចិត្តទុកដាក់ថាតើ សំណុំរឿងស្នេហ៍លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ចុងក្រោយលទ្ធផលទៅជាយ៉ាងណា បើតួអង្គប្រុសមិនចេញមុខមកបកស្រាយអ្វីសោះ ពោលគឺមានតែតួអង្គស្រីដែលបានដើរតួយ៉ាងសកម្ម សកម្មរហូតដល់មានអ្នកជាប់ពន្ធនាគារដោយសាររូបនាងម្នាក់ហើយ គឺលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលរងការចោទពីអង្គភាពប្រឆាំអំពើពុករលួយ និងតំណាងអយ្យការ ថាបានសូកប៉ាន់នាងមិនឱ្យនិយាយការពិតពីដំណើររឿងស្នេហារវាងនាង និងលោក កឹម សុខានោះ។ ក្រៅពីលោក ស៊ាន ចែត ជាឪពុកមា របស់កញ្ញាស្រីមុំត្រូវជាប់បន្ធនាគារនោះ ក៏មានមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្លាប់ជួយជ្រមជ្រែងកញ្ញាស្រីមុំក្នុងពេលកន្លងមក កំពុងតែប្រឈមនឹងវិធានការផ្លូវច្បាប់ដែរដោយសារតែលិខិតចំហរបស់កញ្ញាស្រីមុំ ថាមន្ត្រីទាំងនោះជាអ្នកប្រាប់នាងកុំឱ្យនិយាយការពិតពីរឿងស្នេហារវាងនាង និងលោក កឹម សុខា ទើបមន្ត្រីទាំងនោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឱ្យទៅបំភ្លឺស្វែងរកចម្លើយ៕

photo_2016-04-29_09-31-01 photo_2016-04-29_09-31-05photo_2016-04-29_09-32-01photo_2016-04-29_09-37-02

មតិយោបល់