អ៊ីរ៉ាក់ៈ ជនស៊ីវិលរាប់រយនាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការវាយប្រហាររវាងកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងពួកភេវរករ ISIS នៅជាយទីក្រុង Mosul។ តាមរបាយការណ៍ បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ ISIS បានចាប់យកប្រជាជនធ្វើជាខែល ដើម្បីការពារខ្លួនពួកគេ អំទ្បុងពេលរត់គេចខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៦។
ប្រភពស៊ើបការណ៍សម្ងាត់មួយ បានឲ្យដឹងថា នៅមហាវិទ្យាល័យកសិកម្ម ភាគខាងជើងនៃទីក្រុងនេះ ក្រុម ISIS បានប្រើគ្រឿងចក្រឈូសកប់រាល់សាកសព ដែលបានស្លាប់នៅកន្លែងនោះតែម្តង។
មកទល់ពេលនេះ អង្គការសហប្រជាជាតិ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលពួកភេវរករ បានជម្លៀស ៥៥០ គ្រួសារមកពីទីភូមិនៅជុំវិញទីក្រុង Mosul ដើម្បីប្រើប្រាស់ពួកគេជាខែល សម្រាប់ប្រឆាំងនឹងការវាយប្រហារ របស់កងកម្លាំងអ៊ីរ៉ាក់ និងសកម្មប្រយុទ្ធឃើដ នៅក្នុងទីក្រុងធំទីពីររបស់ប្រទេសអ៊ីរ៉ាក់។
ទន្ទឹមនឹងនេះដែរ ពួកសកម្មប្រយុទ្ធ ISIS ថែមទាំងបានវាយប្រហារអគារសន្តិសុខ នៅក្នុងទីក្រុង Kirkuk ចម្ងាយ ១៧៥ គីឡូម៉ែត្រ (១០៩ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Mosul ផងដែរ៕
មតិយោបល់