ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នារីខ្មែរ​៣នាក់ ចាញ់បោកមិត្តភ័ក្តទៅធ្វើជាស្ត្រីខារ៉ាអូខេនៅសិង្ហបូរី

ភ្នំពេញ: នារីខ្មែរ៣នាក់ ដែលចាញ់បោកមិត្តភក្តិទៅធ្វើការជានារីខារ៉ាអូខេនៅសឹង្ហបូរី ឲ្យបានត្រឡប់មកកម្ពុជាវិញហើយ កាលពីពេលថ្មីៗនេះ ដោយបានការអន្តរាគមន៍ជួយពីសំណាក់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសឹង្ហបូរី។

នារីរងគ្រោះទាំង៣ រួមមាន ទី១ឈ្មោះ ទ.ស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ទី២ឈ្មោះ ហ.ន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងទី៣ឈ្មោះ ល.ដ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែតុលានេះ នារីខ្មែរទាំង៣នាក់ បានសម្រេចចិត្តទៅធ្វើការនៅសឹង្ហបូរី ដោយរំពឹងថា នឹងបានការងារជាអ្នកចាប់ទឹកកនៅក្នុងក្លឹបរាំកម្សាន្ត តាមការអះអាងរបស់មិត្តភក្តិ។ ប៉ុន្តែនៅពេលទៅដល់សឹង្ហបូរី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៦ នារីទាំង៣នាក់ ត្រូវបានគេណែនាំឲ្យធ្វើការជានារីខារ៉ាអូខេវិញ។ នារីរងគ្រោះ បានស្នើសុំថៅកែខារ៉ាអូខេឲ្យបញ្ជូនមកកម្ពុជាវិញ តែត្រូវបានថៅកែតម្រូវឲ្យពួកគេសងប្រាក់ចំនួន១៥០០ដុល្លារសឹង្ហបូរី លើថ្លៃសំបុត្រយន្តហោះ និងថ្លៃកន្លែងស្នាក់នៅ ដើម្បីទទួលបានលិខិតឆ្លងដែនវិញ។

យ៉ាងណា នារីទាំង៣នាក់ បានស្នើសុំស្ថានទូតកម្ពុជា ជួយយកលិខិតឆ្លងដែនពីថៅកែខារ៉ាអូខេ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ភាគីថៅកែខារ៉ាអូខេ បានយល់ព្រមប្រគល់លិខិតឆ្លងដែនទាំង៣ច្បាប់ និងទិញសំបុត្រយន្តហោះឲ្យនារីខ្មែរទាំង៣នាក់។ លោក ជុំ សុន្ទរី បញ្ជាក់។

គួរបញ្ជាក់ថា នារីរងគ្រោះទាំង៣នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨៖៥០នាទី តាមជើងយន្តហោះលេខ 3K591។ អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពួកគេផងដែរ៕

មតិយោបល់