ចិន: ប្រទេសចិន បានបដិសេធចំពោះសំណើមួយ ពីកងនាវាដឹកយន្តហោះចម្បាំងរបស់ សហរដ្ឋអាមេរិក USS John C. Stennis មកកាន់កំពង់ផែទីក្រុងហុងកុង ស្របពេលដែល ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកំពុងតានតឹង។ នេះបើតាមសារព័ត៌មានសិង្ហបុរី ចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន និង ជាមេបញ្ជាការលើនាវាមួយរូបផងដែរ គឺលោក Bill Urban បាននិយាយថា ទោះបីជាមិនត្រូវបានអនុញ្ញាតដោយទីក្រុងប៉េកាំងក៏ដោយ ក៏នាវាចម្បាំង ប្រភេទមួយទៀតរបស់អាមេរិក USS Blue Ridge បាននិងកំពុងស្ថិតនៅកំពង់ផែទីក្រុងហុងកុង នៅឡើយ ដើម្បីបំពេញទស្សនកិច្ច ហើយអាមេរិកនឹងបន្តបេសកកម្មនេះទៀត។
គួរបញ្ជាក់ថា នាវាដឹកនាំយន្តហោះចម្បាំងអាមេរិក គឺជាអាវុធដ៏មុតស្រួច ដែលមហាអំណាចនេះ ប្រើប្រាស់ដើម្បីគ្រប់គ្រងជាទូទៅ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ដោយហេតុនេះហើយ វាគ្មានអ្វីត្រូវងឿងឆ្ងល់នោះទេ ក្នុងការដែលចិនមិនព្រមឲ្យចូលចត នៅកំពង់ផែរបស់ខ្លួននោះ។ មន្ត្រីចិន មិនបាន បញ្ជាក់ពីមូលហេតុអ្វីច្រើនទេ ចំពោះការបដិសេធសំណើអាមេរិក គ្រាន់តែថាវា «មិនមែនជាការសមរម្យ»៕
មតិយោបល់