ភ្នំពេញៈ ជញ្ជីងថ្មីៗ សម្រាប់ថ្លឹងរថយន្តចំនួន២គ្រឿង ត្រូវបានបំពាក់ឡើងសម្រាប់ដាក់ឲ្យថ្លឹងរថយន្តឆ្លងកាត់ស្ពានអ្នកលឿង នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។ ជញ្ជីងទាំង២គ្រឿងនេះ គឺជាប្រភេទជញ្ជីងចល័ត ដែលឧបត្ថម្ភដោយអង្គការ ចៃកា ដើម្បីដាក់នៅស្ថានីយ៍អចល័តទាំងពីរនៃស្ពានអ្នកលឿង។
ហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា ក្រសួងបានទទួលជញ្ជីងថ្មី២គ្រឿង សម្រាប់ដាក់នៅស្ថានីយកំពង់ភ្នំ និងស្ថានីយអ្នកលឿង សម្រាប់ការពារស្ពានអ្នកលឿង។ ជញ្ជីងទាំងពីរគ្រឿងនេះ គឺជាប្រភេទជញ្ជីងចល័ត ឧបត្ថមដោយ JICA ដើម្បីដាក់នៅស្ថានីយអចល័តទាំងពីរនៃស្ពានអ្នកលឿង សម្រួលដល់ការថ្លឹង និងទប់ស្កាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលបើកបរកាត់ស្ពាន ពីត្រើយខាងកើត និងត្រើយខាងលិចនៃស្ពាន។
គួរជម្រាបថា កាលពីដើមឆ្នាំ២០១៦ រថយន្តធុនធំដឹកអង្ករលើសទម្ងន់រហូតដល់ជាង៧០តោន មួយគ្រឿង បើកពីខេត្តស្វាយរៀង មករាជធានីភ្នំពេញ ឆ្លងកាត់ស្ពានអ្នកលឿង ប៉ុន្តែចៃដន្យឡើងស្ពានមិនរួចក៏រអិលថយក្រោយវិញ ហើយក៏បំផ្លាញសាច់កៅស៊ូលើស្ពាន។ ករណីនេះ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ប្រតិកម្មភ្លាមៗ និងបញ្ជាឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់រថយន្តនោះផងដែរ៕
មតិយោបល់