ភ្នំពេញៈ សេចក្ដីរាយការណ៍ឲ្យ Post News ដឹងនៅមុននេះបន្តិចថា បុរសសញ្ជាតិអូស្ត្រាលីម្នាក់ ដែលមានវ័យជាង៧០ឆ្នាំហើយនោះ ត្រូវបានអ្នកបើកតាក់ស៊ីយកមកទម្លាក់ចោលនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ ប៉ុន្តែខណៈគាត់ទៅដល់ទីនោះ ព្រោះតែវ័យជរា ហើយហាក់និយាយស្ដីមិនសូវយល់(វង្វេង) និងរញីរញ័រទៀត គេមិនឃើញមន្ត្រីរបស់អាកាសយាន្តដ្ឋានណាម្នាក់ អើពើជួយគាត់ឡើយ។
សេចក្ដីរាយការណ៍បន្តថា បុរសសញ្ជាតិអូស្ត្រាលីខាងលើ ទំនងជាចង់ត្រឡប់ទៅប្រទេសកំណើតវិញ ហើយអ្នកបានឃើញ និងផ្ដល់ក្ដីអាណិតអាសូរ បានរាយការណ៍ទៅមន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំការនៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប៉ុន្តែមន្ត្រីទាំងនោះមិនអើពើ ដោយគេធ្វើមិនដឹងមិនឮ បើទោះជាជនបរទេសរូបនេះ មានលិខិតឆ្លងដែនត្រឹមត្រូវក៏ដោយ។
ប្រភពដដែលបន្តថា គាត់បានទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណជាង៦កន្លះ រហូតមកដល់ពេលនេះ បុរសសញ្ជាតិអូស្ត្រាលី ត្រូវបានគេទុកគាត់ចោលឲ្យនៅខាងក្រៅ ខណៈដែលរថយន្តតាក់ស៊ីក៏មិនឲ្យឡើងជិះរថយន្តទៅវិញ ហើយមន្ត្រីនគរបាលអន្តោរប្រវេសន៍ ប្រចាំនៅច្រកព្រលានយន្តហោះនោះ ក៏ដើរចេញទៅបាត់ មិនខ្វល់អើពើពីគាត់។
បើតាមលិខិតឆ្លងដែនរបស់គាត់ គឺបុរសរូបនេះមានឈ្មោះ Anybund VALERI អាយុ៧៤ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ N3002781 មានសុពលភាពដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ប្រជាពលរដ្ឋដែលដឹងឮរឿងនេះរិះគន់ថា មិនគួរមន្ត្រីមានសមត្ថកិច្ចខ្មែរ មិនអើពើជួយជនបរទេសដែលគាត់ហាក់វង្វេងស្មារតី និងនិយាយមិនសូវយល់គ្នា ព្រោះតែវ័យចាស់ជរា ហើយទុកគាត់ចោលនោះទេ គួរណាជួយគាត់ដោយរាយការណ៍ទៅស្ថានទូតសាម៉ីភ្លាមៗ។ នេះចាត់ទុកជាការអំពាវនាវដល់អ្នកពាក់ព័ន្ធមេត្តាជួយសង្គ្រោះ ជាពិសេសមន្ត្រីខាងស្ថានទូតអូស្ត្រាលីតែម្ដង៕
មតិយោបល់