ភ្នំពេញៈ អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិត ត្រូវបានចុះបឋមសិលាសាងសង់ឡើងជាផ្លូវការនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍ នៃសមាគមសម្របសម្រួល និងអភិវឌ្ឍសង្គម ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍអឥស្លាម IDB សប្បុរសជនពីប្រទេស QATAR និងប្រទេសគុយវ៉ែត។
ថ្លែងក្នុងពិធីសម្ពោធ និងចុះបឋមសិលាសមិទ្ធផលរបស់មជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍ នៃសមាគមសម្របសម្រួល និងអភិវឌ្ឍសង្គម លោក ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយនឹងសមិទ្ធផលថ្មីដែលជាគុណប្រយោជន៍បម្រើប្រជាពលរដ្ឋ និងកូនចៅរាប់រយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់។ លោកថា នេះ គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាល បាន និងកំពុងខិតខំដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ប៉ុន្តែក៏ត្រូវការចូលរួមពីដៃគូអភិវឌ្ឍ និងផ្នែកដែលពាក់ព័ន្ធដទៃទៀត។ ជាក់ស្តែងម្ចាស់ជំនួយដែលបានគាំទ្រ និងកសាងនូវសមិទ្ធផលនានាសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បន្តទៀតថា អ្វីដែលសំខាន់ជាងគេ និងមានតម្លៃបំផុត គឺសុខសន្តិភាព ស្ថេរភាព ដែលរកដោយលំបាក ព្រោះប្រជាជនកម្ពុជា បានឆ្លងកាត់នូវអតីកាលដ៏លំបាក ហើយយុវជនសម័យថ្មីមួយចំនួន មិនបានឆ្លងកាត់សម័យកាលដ៏លំបាកនោះ ពិតជាមិនយល់តម្លៃសន្តិភាព ស្ថេរភាពនោះទេ។ ជាក់ស្តែងប្រទេសមួយចំនួននៅលើពិភពលោក មិនទាន់មានសន្តិភាពនៅឡើយទេ ដែលនេះ គឺជាមោទននៃភាពសន្តិភាព ស្ថេរភាពនៅកម្ពុជា។
លោកបន្ថែម ៖ «ពេលខ្លះ យើងភ្លេចនូវអ្វីដែលយើងមានសព្វថ្ងៃ គឺសន្តិភាព ស្ថេរភាពសង្គម សិទ្ធិសេរីភាព ការប្រតិបត្តិសាសនា ដែលបានបង្កលក្ខណៈ និងផ្តល់ឱកាសគ្រប់បែបយ៉ាង សម្រាប់យើងទាំងអស់គ្នា និងផលប្រយោជន៍សម្រាប់កូនចៅនៅជំនាន់ក្រោយៗទៀត។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព រួមគ្នាធ្វើ រួមគ្នាកសាងដើម្បីប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ»។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា ដែលលោកបញ្ជាក់ថា ការចូលរួមរបស់ប្រជាជននេះ គឺសំខាន់ណាស់តាមរយៈការជ្រើសរើសថ្នាក់ដឹកនាំ ដែលមានការទទួលខុសត្រូវ ដែលមានគោលនយោបាយច្បាស់លាស់ ដែលខិតខំបង្រួបបង្រួមជាតិ លើកស្ទួយកិត្តិយសជាតិ ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងខិតខំកសាងសមិទ្ធផលជាច្រើន សម្រាប់ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋនៅជំនាន់ក្រោយ៕
មតិយោបល់