ភ្នំពេញ: ស្ថិតក្នុងស្ថានភាពមេម៉ាយគ្មានមុខរបរ និងមានកូនប្រុសស្រី០២នាក់ដែលកំពុងជាប់សិក្សានៅឡើយ លោកស្រី កែវ លីដា អាយុ៣៧ឆ្នាំ ដែលជាភរិយារបស់សពលោកវរសេនីយ៍ត្រី ទៀន ករុណា ដែលបានពលីក្នុងព្រឹត្តិការណ៍ បង្ក្រាបមេក្លោងធំជួញដូរគ្រឿងញៀន កក្រើករាជធានីភ្នំពេញ ដោយសារមានការបាញ់តដៃគ្នារវាងជនល្មើស ជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរយគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានឯកឧត្តម រ័ត្ន ស៊្រាង អះអាងចំពោះមុខថានឹងជួយឧបត្ថម្ភការរៀនសូត្រដល់កូនប្រុសស្រីទាំង០២របស់លោកស្រីរហូតដល់ចប់ចុងចប់ដើម និងរកការងារឲ្យធ្វើ។
ក្នុងនោះផងដែរជំនួសមុខឲ្យ គ្រួសារសពលោក ទៀន ករុណា កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឥស្សរជនជាន់ខ្ពស់តំណាងនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោក-លោកស្រី មន្ត្រីរាជការ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយមហាជន ប្រជាជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសជាពិសេសបងប្អូន កម្មករ កម្មការនីរោងចក្រដែលបានផ្តល់កិត្តិយសចូលបច្ច័យ និងចូលរួមរំលែកទុក្ខគោរពវិញ្ញាណខន្ធ សពលោកវរសេនីយ៍ត្រី ទៀន ករុណា។
ជាថ្មីម្តងទៀតជំនួសមុខឱ្យក្រុមគ្រួសារសព នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី មន្ត្រីរាជការ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានចូលរួមរំលែកទុក្ខ ព្រមទាំងក្រុមគ្រួសារ បងប្អូនសាច់ញាតិ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សុភមង្គលគ្រប់ពេលវេលា ព្រមទាំងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
មតិយោបល់