ព្រៃវែងៈ មន្ត្រីក្រសួងការងារម្នាក់ បានដាច់ក្បាលចេញពីដងខ្លួន ធ្លាក់ក្នុងរថយន្តរបស់ខ្លួនភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តកាមរី ទៅបុកជាមួយរថយន្តហ៊ីយ៉ានដាយ ធុនធំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖១០នាទី ថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សេចក្ដីរាយការណ៍ពីពលរដ្ឋនៅកន្លែងកើតហេតុ ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក តូយូតា កាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5813 បើកបរដោយជនរងគ្រោះ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តកាមរី ក៏បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀត បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1005 បណ្ដាលឲ្យអ្នកបើកបររថយន្តកាមរី ដាច់ក្បាលចេញពីខ្លួន ស្លាប់ភ្លាមៗនៅក្នុងរថយន្ត។
បើតាមឯកសារនៅក្នុងរថយន្តរបស់បុរសដែលស្លាប់ គឺមានឈ្មោះ សូ សុធា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នមានទីលំនៅផ្ទះលេខ៨ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ សូ សុធា មានតួនាទីជាអនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារបណ្តុះបណ្តាល វិជ្ជារជីវៈ ប្រចាំខេត្តកំពង់ចាម។
យ៉ាងណា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយអូសយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ។ ដោយឡែក អ្នកបើកបររថយន្តហ៊ីយ៉ានដាយ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ៕
https://youtu.be/G1rORLFVcMQ
មតិយោបល់