ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ សមាជិកក្រុមប្រឹក្សាឃុំម្នាក់ និងប្រពន្ធជាគ្រូបង្រៀន បណ្តាលឲ្យសម្ភារៈរងការខូចខាត

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍​ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង៥៥នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះនៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលតាសោម ស្ថិតក្នុងភូមិករលំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា:
ករណីអគ្គិភ័យនេះ បណ្តាលមកពីភ្លើងធូប ទៀន ដែលម្ចាស់ផ្ទះបានអុជទុកចោល នៅកន្លែងអសនៈលើផ្ទះ។

ម្ចាស់ឈ្មោះ អាំ ឡែវ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខបរជាសមាជិកក្រុមប្រឹក្សាឃុំតាសោម និងប្រពន្ធឈ្មោះ តោ សារ៉ុម អាយុ ៣២ឆ្នាំមុខរបរ គ្រូបង្រៀន រស់នៅទីកន្លែងកើតហេតុខាងលើ បណ្តាលឲ្យរងការខូចខាតផ្ទះ១ខ្នងទំហំ៥ម៉ែត្រ × ៨ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង និងភូយ មុង កន្ទេល ខ្នើយ មួយចំនួន ប៉ុន្តែពុំបានបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិអ្វីផ្សេងៗពីនេះទៀតឡើយ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន០១គ្រឿង ប្រើទឹកអស់ចំនួន ០២ឡាន ទើបភ្លើងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១៤ និង២៥នាទី ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់