ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាថ៏កំបាំង សំណុំរឿងគ្រឿងញៀន បានផ្ទុះឡើងយ៉ាងចំហរ ក្រោយបញ្ចប់បុណ្យសពលោក ទៀន ករុណា

ភ្នំពេញ: ក្រោយពេលរៀបចំពិធីបុណ្យសព លោកវរសេនីយ៍ត្រី ទៀន ករុណា ចប់សព្វគ្រប់ អង្គភាពកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានទម្លាយ ព័ត៌មានលម្អិត ស្តីពីប្រតិបត្តិការបង្ក្រាបមេក្លោងធំ ជួញដូរគ្រឿងញៀន ព្រមទាំងសាវតា និងសកម្មភាពជួញដូររបស់ពួកវា ដូចខាងក្រោម៖

– តាមការចង្អុលបង្ហាញរបស់ឈ្មោះ លី វីរៈ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបសំបុកមេក្លោងធំ ជួញដូរគ្រឿងញៀន មួយកន្លែង នៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈពេលប្រតិបត្តិការណ៍ ជនល្មើស បានបាញ់ប្រហារមកលើ សមត្ថកិច្ចអាវុធហត្ថ ត្រូវរបួសម្នាក់ ធ្វើឲ្យមានការបន្ថែម កម្លាំងអាវុធហត្ថ និងមានការចូលរួមសហការណ៍ពី កម្លាំងនគរបាល ទៅហ៊ុព័ទ្ធកន្លែងកើតហេតុ ដោយមានការបាញ់តបតគ្នា ជាច្រើនរយគ្រាប់ កក្រើករាជធានីភ្នំពេញ។ ជាលទ្ធផលបណ្តាលឱ្យ អាវុធហត្ថម្នាក់ ដែលរងរបួស ត្រូវបានពលី ពេលទៅដល់មន្ទីរពេទ្យ និង ងាប់ជនល្មើសម្នាក់ នៅនឹងកន្លែង ឃាត់ខ្លួនជនសង្ស័យ សរុបបាន ០៥នាក់ ដកហូតអាវុធជនល្មើស បាន ០៦ដើម (អាវុធខ្លី ០៥ដើម អាវុធវែង ០១ដើម) រថយន្ត ០២គ្រឿង ម៉ូតូ ០៤គ្រឿង ជនល្មើស បានចាក់បំផ្លាញថ្នាំញៀនចោល ចូលទៅក្នុងបង្គន់ និងដុតបំផ្លាញឯកសារពាក់ព័ន្ធ មួយចំនួនទៀត។

– ជនល្មើសដែលងាប់ មានឈ្មោះថា លឹម តេង ឈ្មោះដើម លឹម គឹមតេង គឺជាមេក្លោងធំ ក្នុងការជួញដូរគ្រឿងញៀន និងធ្លាប់ជាប់គុករយៈពេល ១ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន។ ចំណែក ០៥នាក់ទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន រួមមាន៖

1-ឈ្មោះ លឹម កុកហ៊ុយ ហៅប៉ាហ្គិច ជាពូថ្លៃរបស់មេក្លោងធំ ដែលងាប់, 2-ឈ្មោះ ទី អៀង ជាបងថ្លៃរបស់មេងក្លោងធំ ដែលងាប់, 3-ឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត ជាបក្ខពួក, 4-ឈ្មោះ ត្រាវ រិទ្ធារ៉ា ជាបក្ខពួក, 5-ឈ្មោះ លី វីរៈ ជាបក្ខពួក។ ក្រុមទាំងអស់នេះ មានមុខរបរជួញដូរគ្រឿងញៀន ក្រោមរូមភាពធ្វើទាខ្វៃ ដែលមានយីហោរ លី កុកហ៊ុយ ដើម្បីបិទបាំង របរជួញដូរគ្រឿងញៀនរបស់ខ្លួន។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច សន្និដ្ឋានថា ក្រុមនេះ អាចមានការចរាចរណ៍គ្រឿងញៀន ពីកន្លែង១ ទៅកន្លែង ១ទៀត តាមរយៈការលាក់ គ្រឿងញៀន ក្នុងទាខ្វៃ ផងដែរ។

អំពីសាវតារបស់មេក្លោងធំ ជួញដូរគ្រឿងញៀន លឹម គឹមតេង គឺ៖

– មុនឆ្នាំ២០០៧ ឈ្មោះ លឹម គឹមតេង គឺជាកូនជឹង និងជាមនុស្សជំនិត របស់មេក្លោងផលិត និងជួញដូរគ្រឿងញៀនដ៏ធំ ឈ្មោះ ឡាំ ប៊ុនខេង (បច្ចុប្បន្នឡាំ ប៊ុនខេង បាននិងកំពុងជាប់ក្នុងពន្ធនាគារ PJ) ដោយជាប់ចោទពីបទផលិត និងជួញដូរគ្រឿងញៀន ហើយត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអ្នកបង្ក្រាបចាប់ខ្លួន កាលពីថ្ងៃទី 06-8-2007 និងចាប់យកបានវត្ថុតាង ជាច្រើន រួមមាន ម៉ាស៊ីនផលិតគ្រឿងញៀន ព្រមទាំងថ្នាំញៀន សារធាតុគីមីផ្សំ សម្រាប់ផលិតគ្រឿងញៀន និងវត្ថុតាងផ្សេងៗ ជាច្រើនទៀត។ បន្ទាប់ពី ឡាំ ប៊ុនខេង ជាប់គុកទៅ គឺឧក្រិដ្ឋជន លឹម គឹមតេង ចាប់ផ្តើមដើរតួនាទីជំនួស ឡាំ ប៊ុនខេង ម្តង ដោយធ្វើការជួញដូរថ្នាំញៀន យ៉ាងពេញបន្ទុក រហូតដល់ថ្ងៃ ដែលសមត្ថកិច្ចនគរបាល ខណ្ឌចំការមន ចាប់ខ្លួន បញ្ជូនទៅគុកព្រៃស តាមដីកាបង្គាប់ ឲ្យឃុំខ្លួនរបស់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ និងដោះលែងវិញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីអនុវត្តទោស បានមួយឆ្នាំ។

– ក្នុងអំឡុងពេលជាប់គុក ឧក្រិដ្ឋជន លឹម គឹមតេង វាមានការទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធ ជាមួយនឹង អាលាង ជនជាតិវៀតណាម ជាទណ្ឌិត ដែលអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថា ជាក្រុមមេក្លោង ជាមួយជនជាតិ នីហ្សេរីយ៉ា ក្នុងការចាត់ចែង បញ្ជាលក់ទិញថ្នាំញៀន ពីក្នុងពន្ធនាគារ មកខាងក្រៅ។ តាមចម្លើយរបស់ លី វីរៈ ក៏ធ្លាប់ជាប់ពន្ធនាគារ ពីបទឆក់ខ្សែក ដោយឃុំខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ឃុំខ្លួនអាគារ A4 ជាមួយ លឹម គឹមតេង ហើយបានស្គាល់គ្នា។ លី វីរៈ ត្រូវបានដោះលែងចេញ ពីពន្ធនាគារ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥។

– ក្រោយពេលចេញពីពន្ធនាគារ លី វីរៈ បានស្កាត់ទៅជួប ឧក្រិដ្ឋជន លឹម គឹមតេង ដើម្បីសុំធ្វើការជាមួយ។ ឧក្រិដ្ឋជន លឹម គឹមតេង បានបន្តមុខរបរចាស់របស់ខ្លួន គឺជួញដូរគ្រឿងញៀនដដែល ហើយធ្វើរឹតតែធំជាងមុន និងឆ្លាតជាងមុន សូម្បីតែសំបុករបស់វា មានរបងបិទជិត កំពស់ជិត ៤ម៉ែត្រ ចិញ្ចឹមឆ្កែ ប៊ែកសេ ដាក់ទ្រុងនៅមុខផ្ទះ ក្រៅរបង ចាប់កាមេរ៉ាសុវត្ថិភាព ជុំវិញផ្ទះ និងយករបរខ្វៃទាលក់ បំភាន់ភ្នែកមហាជន ក៏ដូចជាសមត្ថកិច្ច តែជាក់ស្តែង ក្រុមវាខ្វៃទា ត្រឹមតែ១០ ទៅ ១៤ក្បាលប៉ុណ្ណោះ ក្នុង១ថ្ងៃ៕

photo_2016-05-01_16-23-42 photo_2016-05-01_16-23-45 photo_2016-05-01_16-23-49 photo_2016-05-01_16-23-51 photo_2016-05-01_16-23-54 photo_2016-05-01_16-23-57 photo_2016-05-01_16-23-59 photo_2016-05-01_16-24-02 photo_2016-05-01_16-24-05 photo_2016-05-01_16-24-08 photo_2016-05-01_16-24-11 photo_2016-05-01_16-24-14 photo_2016-05-01_16-24-18 photo_2016-05-01_16-24-23 photo_2016-05-01_16-24-28 photo_2016-05-01_16-24-32 photo_2016-05-01_16-24-35 photo_2016-05-01_16-24-39 photo_2016-05-01_16-24-43 photo_2016-05-01_16-24-48 photo_2016-05-01_16-24-51 photo_2016-05-01_16-24-55 photo_2016-05-01_16-25-00 photo_2016-05-01_16-25-06 photo_2016-05-01_16-25-09 photo_2016-05-01_16-25-13 photo_2016-05-01_16-25-16 photo_2016-05-01_16-25-20 photo_2016-05-01_16-25-22

មតិយោបល់