ភ្នំពេញ: ស្រ្តីចំណាស់ម្នាក់ ជាជនជាតិខ្មែរឥស្លាម ជិះម៉ូតូ រអិលនឹងខ្សាច់ ដែលរថយន្តដឹកតាមផ្លូវកំពប់ បណ្តាលឲ្យដួលរងរបួសធ្ងន់សន្លប់ស្តូក កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅកើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុច មុខស្ថានីយ៍ប្រេងឥន្ទនៈ សម ប្រាថ្នា ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្រ្តីរងគ្រោះមានឈ្មោះ នូ វ៉ន អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរ លក់សាច់គោ នៅផ្សារបុរីសន្តិភាព២ មានទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១០០ សេរីចាស់ ពណ៌ប្រផេះកញ្ចាស់ គ្មានស្លាកលេខ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម្នាក់ឯង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវជាតិ ពពេញដោយខ្សាច់ ទើបរអិលដួលអូសម្នាក់ឯង បណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។
ពលរដ្ឋបានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៣ មានរថយន្តបែនដឹកខ្សាច់មួយចំនួន ដឹកលើសល្មើស មិនបានគោរពទៅនឹងបំរាមរបស់សាលាក្រុង ដឹកខ្សាច់ ដឹកដី កំពប់កក្លិកកក្លាក់ ប្រលាក់តាមផ្លូវរាល់តែថ្ងៃ។ ចំណែកអាជ្ញាធរ ខណ្ឌវិញ ដាក់បំរាមដាក់ទាំងកម្លាំងចាំត្រួតពិនិត្យ រថយន្តដឹកលើសល្មើស ដឹកហួសកំណត់ ខុសពីសារចរាចរណ៍ណែនាំ យ៉ាងណាក៏ដោយ តែវាគ្មានប្រសិទ្ធភាព សង្ស័យយកតែលុយ ក្បាលឡានហើយ ចង់ដឹក ចង់ដាក់យ៉ាងណាក៏មិនរវល់យកភ្នែកមើល រថយន្តទាំងនោះ ដឹកកំពប់ ខ្សាច់ ដី ក្លិក្លាក់ ហូរទឹក តាមផ្លូវ ក៍គ្មានអាជ្ញាធរណាអើពើមើលឃើញឡើយ។ ជាក់ស្តែង លើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី កំពង់ទួល រហូតដល់ រង្វង់មូលចោមចៅ ខ្សាច់ ដី កំពប់តាមផ្លូវ បង្កឲ្យប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមផ្លូវ ហើយប្រឈមទៅនឹង រអិលដួល ដូចករណីខាងលើជាដើម ៕
មតិយោបល់