ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រាន់តែប្រើចម្ពាមបាញ់កុកក្នុងដីឧកញ៉ា លី អាន ចាប់គ្នាដាក់គុកគ្មានត្រាប្រណី!

តាកែវៈ ក្រុមគ្រួសារមានកូនតូចៗ ប្រមាណជិត១០នាក់ បានដង្ហោយរកយុត្តិធម៌ បន្ទាប់ពីចៅក្រមតុលាការខេត្តតាកែវ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារលើឪពុករបស់ពួកគេ។ តាមការអះអាងរបស់ក្រុមគ្រួសារ បុរសពីរនាក់ ត្រូវតុលាការឃុំខ្លួន ដោយសារតែរឿងចូលទៅបាញ់កុកនៅក្នុងដីឧកញ៉ាមួយកន្លែង ដើម្បីយកមកលក់ចិញ្ចឹមជីវិត។

សាច់ញាតិបុរសទាំងពីរ អះអាងថា បងប្អូនរបស់គាត់ចំនួនពីរនាក់ បានទៅបាញ់សត្វកុកដោយប្រើចម្ពាមកៅស៊ូជាមួយគ្រាប់លុញធ្វើអំពីដីឥដ្ឋ នៅក្នុងដីចម្ការដូងក្រអូបរបស់លោកឧកញ៉ា លី អាន ស្ថិតក្នុងឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ហើយត្រូវមេការចាំចម្ការ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច រួចបញ្ជូនទៅតុលាការ។

លោក ឈន ណេង អាយុ៣៦ឆ្នាំ រស់នៅភូមិតាបួ ឃុំព្រៃចារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលត្រូវជាបងថ្លៃបុរសខាងលើ បានទទួលស្គាល់ថា ប្អូនរបស់ខ្លួនពិតជាខុសដែលទៅបាញ់សត្វកុកក្នុងដីរបស់ឧកញ៉ា លី អាន ដោយគ្មានការអនុញ្ញាត។ លោកបន្តថា ពួកគេបាញ់បានសត្វកុក១៣ក្បាល ក្នុងចម្ការរបស់លោកឧកញ៉ា ហើយក៏ត្រូវចាប់ខ្លួនតែម្ដង។ លោកថា គ្រាន់តែរឿងបាញ់សត្វកុក យកមកលក់ដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹមគ្រួសារដែលក្រីក្រសោះ ចាំបាច់អីចាប់គ្នាដាក់ខ្នោះដាក់គុកអញ្ចឹង?

បងថ្លៃរូបនេះ ឲ្យដឹងទៀតថា ប្អូនថ្លៃរបស់គាត់ឈ្មោះ នាង គោ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានកូន៣នាក់ក្នុងបន្ទុក និងឈ្មោះ ស៊ុត វែនតា ភេទប្រុស អាយុ៣២ឆ្នាំ (មិត្តភ័ក្តប្អូនថ្លៃ) មុខរបរកសិករដូចគ្នា បច្ចុប្បន្នមានកូន៦នាក់ ត្រូវមេការចម្ការដូងក្រអូបរបស់លោកឧកញ៉ា ចាប់ខ្លួនកាលពីថ្ងៃទី១ ដើមខែវិច្ឆិកា ប្រគល់ឲ្យសមត្ថកិច្ច ដោយប្ដឹងពីបទរំលោភលំនៅដ្ឋានរបស់ឧកញ៉ា លី អាន ហើយត្រូវចៅក្រមសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

Post News បានទូរស័ព្ទសុំការពន្យល់ពីអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ លោកព្រះរាជអាជ្ញារង ផាន់ សុភ័ក្ត្រ ចំនួន២ដង នៅថ្ងៃទី៨ និងទី៩ ខែវិច្ឆិកា លោកថា មិនទាន់ដឹងពីរឿងនេះ ចាំលោកសួរទៅខាងលេខាធិការដ្ឋានរដ្ឋបាល ប៉ុន្តែចុងក្រោយលោកបែរឆ្លើយថា លោករវល់ខ្លាំងណាស់ លោកមិនដឹងរឿងអ្វីឡើយ។

យ៉ាងណា ក្រុមគ្រួសារសាច់ញាតិបុរសទាំងពីរនាក់ ដែលត្រូវអំណាចតុលាការខេត្តតាកែវ ឃុំខ្លួនដាក់ពន្ធនាគារ ពីបទរំលោភលំនៅដ្ឋានឧកញ៉ា លី អាន នោះ បានទទូចស្នើសុំឲ្យស្ថាប័នតុលាការ និងអ្នកពាក់ព័ន្ធ មេត្តាដោះលែងពួកគេឲ្យមានសេរីភាពវិញ ដោយគ្រាន់តែហៅពួកគេមកអប់រំ ឬធ្វើការណែនាំ។ ក្រុមគ្រួសារថា បច្ចុប្បន្នជីវភាពគ្រួសារ គឺពឹងផ្អែកទាំងស្រុងលើប្ដីធ្វើស្រែ និងបរបាញ់សត្វយកលក់គ្រាន់ចិញ្ចឹមជីវិត ប៉ុន្តែឥឡូវពួកគេត្រូវជាប់គុក ជាហេតុធ្វើឲ្យជីវភាពពួកគេ កាន់តែដុនដាបជាងមុនខ្លាំង។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានរំលេច និងបង្ហាញការចាប់អារម្មណ៍ អំពីបញ្ហាអនុវត្តច្បាប់នៅកម្ពុជា ដោយក្រសួងយុត្តិធម៌ បានធ្វើការផ្ទាល់ជាមួយស្ថាប័នតុលាការ ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះឡើងវិញផងដែរ៕

photo_2016-11-08_10-21-48photo_2016-11-08_10-21-50photo_2016-11-08_10-21-54photo_2016-11-08_10-22-39photo_2016-11-08_10-22-51photo_2016-11-08_10-22-45photo_2016-11-08_10-22-00

មតិយោបល់