ព័ត៌មានជាតិ

រដ្ឋាភិបាលភូមា​ មិនទាន់អាចអនុញ្ញាត ឲ្យ​តំណាងរបស់សមាគមអាស៊ាន ចូលទៅជួប​លោក​ស្រីអ៊ុងសាន ស៊ូជី បានទេ

កាលពីខែសីហា លោក Erywan Yusof អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រ៊ុយណេ ត្រូវបានសមាគមអាស៊ាន ចាត់តាំងឲ្យធ្វើជាតំណាង ដើម្បី​រៀបចំ បើកផ្លូវចរចានយោបាយ​នៅភូមា។ ដោយ​ទទួលរងនូវសំពាធខ្លាំងពីសហគមអន្តរជាតិ លោក Erywan Yusof បាន​ថ្លែងអំពាវនាវ ឲ្យរបបសិកភូមា បើកផ្លូវអនុញ្ញាតឲ្យលោក​ចាប់ផ្តើម​បេសកកម្ម​នេះ ឲ្យ​បានឆាប់ ហើយ​លោក​សូមជួប​គ្រប់ភាគីនយោបាយ​ភូមាទាំងអស់ នៅពេលលោកធ្វើដំណើរទៅ។

ឆ្លើយតប​នឹងការអំពាវនាវនេះ លោក Zaw Min Tun អ្នកនាំពាក្យ​របបសិកភូមា បាន​បញ្ជាក់ ឲ្យដឹងនៅថ្ងៃទី​១តុលាថា សម្រាប់ពេលនេះ វាប្រហែលជាមិនអាចទៅរួចទេ ដែល​របបសិកនឹងអនុញ្ញាត ឲ្យតំណាងអាស៊ាន ចូលទៅជួប ជាមួយ​ភាគីនយោបាយ​ភូមា ដែលកំពុងតែប្រឈមមុខនឹងការចោទប្រកាន់នៅតុលាការ។ ដោយមិនបានបញ្ជាក់ថា នឹងអនុញ្ញាតិឲ្យ​តំណាងអាស៊ាន ចូលទៅភូមានៅពេលណា អ្នកនាំពាក្យរបបសិករូបនេះ បាន​ត្រឹម​តែ​អះអាងថា គេនឹងបើកផ្លូវ ឲ្យតំណាង​អាស៊ានជួប​ជាមួយភាគីទាំងអស់ នៅពេលសមស្របមួយ។

គួរបញ្ជាក់ថា លោកស្រីអ៊ុងសាន ស៊ូជី កំពុងរងនូវបទចោទប្រកាន់ ជាច្រើនសំណុំរឿង ដែលមេធាវីលោកស្រីអះអាងថា សុទ្ធតែជាការចោទប្រកាន់ បែបឆាកល្ខោន ដើម្បីបិទផ្លូវលោកស្រី មិនឲ្យធ្វើនយោបាយ​ជារៀងរហូត។ មេធាវីលោកស្រី បានបញ្ជាក់ថា រហូតមកទល់ពេលនេះ លោកស្រី មិនទាន់បានទទួល​លិខិតអញ្ជើញ ឬសំណូមពរសុំជួប ពីសំណាក់តំណាងអង្គទូតបរទេស តំណាងស្ថាប័នអន្តរជាតិណាមួយទេ។

ដោយឡែក លោក Mg Mg Soe អ្នកវិភាគនយោនបាយ​នៅភូមា បានលើកឡើងថា ការ​ចរចានយោបាយ​ភូមា ដែលគេមិនអាចជួប​ជាមួយ​លោកស្រី អ៊ុងសាន ស៊ូជី បាន គឺវាមិន​ជាការចរចានោះទេ។ លោកបន្ថែមថា​ របបសិកត្រូវតែបោះជំហានមួយកម្រិតទៀត បើកផ្លូវឲ្យ​គេជួប​លោកស្រីអ៊ុងសាន ស៊ូជី ប្រសិនបើខ្លួនមានឆន្ទៈបើកការចរចាពិតប្រាកដ។

សូមរំលឹកថា ប្រមាណ​៩ខែមកហើយ ដែលភូមាបានធ្លាក់លង់ជ្រៅក្នុងវិបត្តិយោបាយ ក្រោយការធ្វើរដ្ឋប្រហារ នៅថ្ងៃទី​១កុម្ភៈ។ បាតុករប្រមាណ​១១០០នាក់បានស្លាប់ និង​ជាង៨ពាន់ត្រូវរបបសិកចាប់ដាក់ឃុំ។ វិបត្តិនយោបាយ គួបផ្សំជាមួយវិបត្តិកូវីដ១៩ កំពុងធ្វើឲ្យ​ប្រជាជនភូមា រស់នៅក្នុងការលំបាកបំផុត។ យ៉ាងណាមិញ កាលពីថ្ងៃទី​៣០កញ្ញាម្សិលមិញ លោក Andrew Kirkwood អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំនៅភូមា បាន​ថ្លែងថា គិតត្រឹមពេលនេះ មានប្រជាជនភូមាប្រមាណ​៣លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ជាចាំបាច់។

កាលពីថ្ងៃទី​២៩កញ្ញា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវថា កាលៈទេសៈនេះបន្ទាន់ណាស់ ដែលសហគម​អន្តរជាតិ ត្រូវតែជួយជ្រោមជ្រែង បើកផ្លូវចរចានយោបាយ​នៅភូមា ដើម្បីឲ្យ​ប្រទេសនេះ ស្តារស្ថិរភាព សន្តិសុខ​ លទ្ធិប្រជាធិបតេយ្យ និងពង្រឹងការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ របស់សហគមជនជាតិជាតិភាគតិចទាំងអស់ ដែលនៅភូមា៕

មតិយោបល់