តាកែវៈគ្រាន់តែប្រជាពលរដ្ឋប្រើប្រាស់ចម្ពាមកៅស៊ូ ជាមួយគ្រាប់លុញធ្វើអំពីដីឥដ្ឋ យកទៅបាញ់សត្វកុកនៅក្នុងដីចម្ការរបស់ឧកញ៉ា លី អាន នោះ ត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ច រួចបញ្ចូនទៅតុលាការសម្រេចដាក់ពន្ធនាគារជាងកន្លះខែ។ យ៉ាងណា ប្រជាពលរដ្ឋពីរនាក់ ដែលបានចូលទៅបាញ់សត្វកុកក្នុងដីឧកញ៉ារូបនេះ ត្រូវបានតុលាការសម្រេចដោះលែងវិញហើយ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
បន្ទាប់ពីការផ្សាយរបស់អង្គភាព Post News ចេញផ្សាយរឿងរ៉ាវចាប់ខ្លួនពលរដ្ឋរងគ្រោះទាំងពីរខាងលើ កាលពីថ្ងៃម្សិលមិញហើយនោះ ក្រសួងយុត្តិធម៌ បានអន្តរាគមន៍ដោះលែងពលរដ្ឋទាំងពីរ ឲ្យបានរស់នៅជួបជុំគ្រួសារវិញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ប្រាប់ថា ប្រជាពលរដ្ឋទាំងពីរនាក់ ដែលជាប់ចោទរំលោភលំនៅដ្ឋាន ព្រោះរឿងចូលបាញ់កុកក្នុងដីចម្ការដូងរបស់ឧកញ៉ា លី អាន ត្រូវបានសាលាដំបូងខេត្តតាកែវ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ដីកាបង្គាប់ឲ្យដោះលែងពីរច្បាប់ ដែលលោក គឹម សន្តិភាព ផ្ដល់ឲ្យមក បានបង្ហាញថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ លោក ឡុង សិកា បានបញ្ជាឲ្យដោះលែងឈ្មោះ នាង កូ ហៅ គោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ និងឈ្មោះ សុទ្ធ វ៉ែនតា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ ដែលជាប់ចោទពីបទរំលោភលើលំនៅដ្ឋាន ប្រព្រឹត្តនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវតុលាការសម្រេចឲ្យឃុំខ្លួន តាមអំណាចដីកាសម្រេចឲ្យឃុំខ្លួនលេខ៩២៥/០១៦ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទោះជាយ៉ាងណា សាច់ញាតិប្រជាពលរដ្ឋទាំងពីរ បញ្ជាក់ឲ្យដឹងនៅថ្ងៃនេះដែរថា ឈ្មោះ នាង កូ ហៅ គោ និងឈ្មោះ សុទ្ធ វ៉ែនតា នឹងត្រូវតុលាការ កោះហៅទៅជំនុំជម្រះសាជាថ្មីទៀត ប៉ុន្តែវេលានៃការបើកការជំនុំជម្រះ មិនទាន់បានកំណត់នៅឡើយទេ។
បើតាមលោក ឈន ណេង អាយុ៣៦ឆ្នាំ រស់នៅភូមិតាបួ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលត្រូវជាបងថ្លៃរស់នៅភូមិឃុំជាមួយគ្នា បានទទួលស្គាល់ថា ប្អូនរបស់ខ្លួនពិតជាខុសដែលទៅបាញ់សត្វកុកក្នុងដីរបស់ឧកញ៉ា លី អាន ដោយគ្មានការអនុញ្ញាត។ លោកបន្តថា ពួកគេបាញ់បានសត្វកុក១៣ក្បាល ក្នុងចម្ការរបស់លោកឧកញ៉ា ហើយក៏ត្រូវមេការចម្ការដូងក្រអូបរបស់លោកឧកញ៉ា ចាប់ខ្លួនកាលពីថ្ងៃទី១ ដើមខែវិច្ឆិកា ប្រគល់ឲ្យសមត្ថកិច្ច ដោយប្ដឹងពីបទរំលោភលំនៅដ្ឋានរបស់ឧកញ៉ា លី អាន ហើយត្រូវចៅក្រមសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានរំលេច និងបង្ហាញការចាប់អារម្មណ៍ អំពីបញ្ហាអនុវត្តច្បាប់នៅកម្ពុជា ដោយក្រសួងយុត្តិធម៌ បានធ្វើការផ្ទាល់ជាមួយស្ថាប័នតុលាការ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឡើងវិញ ដូចជាករណីនេះផងដែរ៕
មតិយោបល់