ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សៀវភៅអ្នកប្រាជ្ញវោហារសាស្ត្រខ្មែរ ចំនួន១ពាន់ក្បាល នឹងត្រូវចែកជូនដោយឥតគិតថ្លៃ

ភ្នំពេញៈ សៀវភៅបិតាកំណាព្យខ្មែរ ដ៏ល្បីល្បាញ ដែលគេឲ្យងារថា ជាអ្នកប្រាជ្ញវោហារសាស្ត្រ អ៊ុកអ៊ូ ហៅ ង៉ុយ (ក្រមង៉ុយ) នឹងត្រូវចែកជូនដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត គ្រូបង្រៀន និងអ្នកដែលនិយមចូលចិត្តអាន នៅឯពិព័ណ៍សៀវភៅកម្ពុជា នៅថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។

លោក ពុយ គា អ្នកសារព័ត៌មានខ្មែរ និងជាអ្នកស្រាវជ្រាវមួយរូប បានរៀបរៀងបោះពុម្ពផ្សាយឡើងវិញ នូវស្នាដៃរបស់អ្នកប្រាជ្ញវោហារសាស្ត្រខ្មែរ លោកតា ង៉ុយ ដែលមានកិត្តស័ព្វល្បីល្បាញ រហូតដល់ព្រះមហាក្សត្យខ្មែរ ព្រះបាទស៊ីសុវត្ថិ ដែលគ្រងរាជជំនាន់នោះ ត្រាស់បង្គាប់ឲ្យចូលគាល់ និងច្រៀងថ្វាយ ហើយព្រះអង្គក៏ប្រទានគោរមងារជា “ភិរម្យភាសា”។ ក្រោយមកទៀត ភាពល្បីល្បាញរបស់គាត់(ក្រមង៉ុយ) ក៏បានឮដល់វាំងថៃ ធ្វើឲ្យស្តេចថៃ ធ្វើរាជសារមកសុំអញ្ជើញអ្នកប្រាជ្ញរូបនេះ ទៅច្រៀងថ្វាយអស់រយៈពេល៣ខែ ហើយស្តេចថៃ បានប្រទានងារមួយទៀត ជា “ភិរម្យភាសា ផៃរ៉ោះលឿកឺន” និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។

សៀវភៅកម្រាស់ ១៤១ទំព័រ ជាកម្រងកំណាព្យចុងជួន តាំងពីដើមដល់ចប់ បានបង្កប់នូវអត្ថន័យអប់រំ និងរំឭកដល់មនុស្សស្ទើរគ្រប់ស្រទាប់វណ្ណៈ ទាំងស្រីទាំងប្រុស និងជាពិសេសយុវជន ឲ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់ចាស់ ស្គាល់ទុំ និងរបៀបរើសគូរអនាគត (ប្តី ប្រពន្ធ) ឲ្យបានត្រឹមត្រូវផងដែរ។

កំណាព្យរបស់ ក្រមង៉ុយ ត្រូវបានចាស់ៗ និងគ្រូបង្រៀនលើកមកតំណាលតៗគ្នា ឲ្យកូនចៅ និងសិស្ស ស្តាប់នូវឃ្លាដែលពេញនិយមដូចជា៖

  • «កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឲ្យមានវិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំចេះតែក្រ»
  • «បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ»
  • «កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្តិ ចង់គង់ប្រយោជន៍ ឲ្យចេះប្រយ័ត្ន ពាក្យឪមួយម៉ាត់ ឲ្យគិតមួយម៉ោង»
  • «កុំឃ្លានចំណី កុំខ្លាចអត់ប្តី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស់ ខ្លួនល្អស្រលះ មិនខ្វះគេស្តី»

ទាក់ទងនឹងការចែកជូនសៀវភៅ ក្រមង៉ុយ នេះ លោក ពុយ គា បានមានប្រសាសន៏ថា សៀវភៅចំនួន១ពាន់ក្បាល ដែលលោកនឹងចែកជូននៅឯពិព័រណ៌សៀវភៅកម្ពុជា នៅបណ្ណាល័យជាតិ នាថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០១៦ គឺជាអំណោយរបស់សប្បុរសជន ដែលបានចូលរួមចេញថ្លៃបោះពុម្ព មានឈ្មោះភ្ជាប់នៅលើសៀវភៅទាំងនោះស្រាប់។ លោក ពុយ គា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ហើយសង្ឃឹមថា ការចូលរួមបរិច្ចាគទាំងនេះ នឹងនាំទៅជាវិញ្ញាណរស់មួយ និងជាចរន្តបន្តលើកកម្ពស់ និងឲ្យតម្លៃលើវិស័យអប់រំនៅកម្ពុជា ដែលជាមូលដ្ថានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនឆ្ពោះទៅមុខ។

សិស្ស និស្សិត គ្រូបង្រៀន និងអ្នកនិយមអានដែលមានជីវភាពក្សត់ក្សោយ នឹងទទួលបាននូវការចែកជូនសៀវភៅក្រមង៉ុយនេះ៕

whatsapp-image-2016-11-21-at-15-02-47-1whatsapp-image-2016-11-21-at-15-02-47whatsapp-image-2016-11-21-at-15-02-48whatsapp-image-2016-11-21-at-15-02-49whatsapp-image-2016-11-21-at-15-02-50

មតិយោបល់